លោក ភា សុភ័ក្ត្រ ជាធនធានគ្រូបង្វឹកបាល់ទាត់ក្នុងស្រុកដ៏សំខាន់ម្នាក់របស់កម្ពុជា ស្ថិតក្នុងចំណោមគ្រូដែលទទួលបានសញ្ញាបត្រ A License ជំនាន់ដំបូងៗគេ និងមានបទពិសោធច្រើនក្នុងការងារ ទាំងកម្រិតក្រុមយុវជន ក្រុមធំ នៅបណ្ដាលក្លឹបនានា និងក្រុមជម្រើសជាតិ។
នៅមុន Cambodian Premier League 2023-24 ចាប់ផ្ដើម លោកត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទសាជាថ្មី បន្ទាប់ពីលោកបានដឹកនាំក្រុមនេះឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនឆ្នាំ២០១៨ក្នុងការកាន់តំណែងលើកទី១របស់លោកនៅទីនេះ។
ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទមានបម្រែបម្រួលគួរឱ្យកត់សម្គាល់ជាច្រើននិងសម្រេចបានសមិទ្ធផលគួរឱ្យសរសើរមួយចំនួនក្នុងរដូវកាល២០២៣-២៤ក្រោមការបង្វឹករបស់លោក ភា សុភ័ក្ត្រា។ ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ បញ្ចប់ទៅដោយស្ថិតនៅចំណាត់ថ្នាក់លេខ៥ នៃតារាងពិន្ទុ Cambodian Premier League 2023-24 ដោយឆ្លងកាត់២៧ប្រកួត ឈ្នះ១២ ចាញ់១២ នឹងស្មើ៣ប្រកួត ទាត់បញ្ចូលទីគូប្រកួតបានចំនួន៤៦គ្រាប់ និងរបូតគ្រាប់បាល់៣៦គ្រាប់ បើធៀបទៅរដូវកាល2022 ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ ស្ថិតនៅចំណាត់ថ្នាក់លេខ៦។ ក្រុមដែលដឹកនាំដោយលោក ភា សុភ័ក្ត្រា បានប្រកួតឈ្នះក្រុមលំដាប់Top4ជាញឹកញាប់ និងឈ្នះជាប់ៗគ្នាចំនួន៥ប្រកួតចុងក្រោយមុនបញ្ចប់រដូវកាល2023-2024 ហើយបានធ្វើឱ្យកីឡាករម្នាក់ៗមានការអភិវឌ្ឍខ្លួនមួយចំនួនដូចជា ញាន សុសុីដាន,Sarayuth,Josemar និងអ្នកចាំទី អ៊ុំ សេរីរ័ត្ន ដែលបានបង្ហាញភាពលេចធ្លោក្នុងការលេងល្អជាងមុនផងដែរ ដោយមានរបៀបលេងមួយច្បាស់លាស់ និងមានការបង្ករកំហុសតិចជាងមុន និងរងការពិន័យកាតតិចជាងរដូវកាលមុនៗដែលជាការផ្លាស់ប្តូរវិជ្ជមានមួយសម្រាប់ក្រុម។ ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ ដដែលនេះមានការយល់អំពីសារៈសំខាន់នៃបាល់ Set Pieces ដែលតែងតែផ្ចិតផ្ចង់យកចិត្តទុកដាក់ខ្លាំងជាមុន និងក្រុមបានក្លាយទៅជាធ្លុងមួយដោយសម្លឹងឃើញពីការប្រឹងប្រែងរបស់កីឡាករម្នាក់ៗ មានការហ្វឹកហាត់បន្ថែមដោយខ្លួនឯង មានការបង្កើតគ្រុបតូចៗជួយណែនាំគ្នាដោយខ្លួនឯង។
ចំពោះសមិទ្ធផលដែល លោក ភា សុភ័ក្រ្តា ធ្លាប់សម្រេចបានកន្លងមករួមមាន ៖ ឆ្នាំ២០០៣-២០០៤ ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ ឈ្នះជើងឯកពានរង្វាន់ក្រសួងអប់រំ យុវជន និងកីឡា,ឆ្នាំ២០០៣-២០០៤ដដែលនោះឈ្នះជើងឯកពានរង្វាន់សាកលវិទ្យាល័យ(BBU)គ្រូបង្គោល,ឆ្នាំ
២០០៧ ទទួលបានចំណាត់ថ្នាក់លេខ៣ នៃក្រុមបាល់ទាត់យុវជនអាស៊ាន U-21 នៅប្រ៊ុយណេក្នុងនាមជំនួយការ,ឆ្នាំ២០០៧ឈ្នះពានរង្វាន់យុវជន U-13 របស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រូបង្គោល,ឆ្នាំ២០១៨ ដឹកនាំក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ ឈ្នះជើងឯក Hun Sen Cup,ឆ្នាំ២០១៩ ដឹកនាំឈ្នះ All Star Match,ឆ្នាំ២០១៩ដដែល ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ប្រកួតវគ្គជម្រុះ FIFA World Cup 2022 Qualification ជុំទី២ ក្នុងនាមជំនួយការ៕