ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងមាន១៣ប្រភេទកីឡា រួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្ចាន់ដូ ITF ការ៉ាតេ សីដក់ និងគុនដាវ ស្មើនឹង១០៣វិញ្ញាសា។ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១ ៧៦៤ នាក់ មកពី ៤៧ គ្រឹះស្ថានឧត្តមសិក្សា ដោយក្នុងនោះមានគ្រឹះស្ថានសិក្សាសាធារណៈ ចំនួន១៣ និងគ្រឹះស្ថានសិក្សាឯកជនចំនួន៣៤។
គោលបំណងសំខាន់នៃការប្រកួតនេះ គឺសំដៅបង្កើតលក្ខខណ្ឌសម្រាប់ការជួបជុំ ការផ្លាស់ប្តូរបទពិសោធរវាងគ្រឹះស្ថាន ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ក្នុងបរិបទដែលនាំមកនូវ វប្បធម៌ ការអប់រំ សកម្មភាពកីឡា បង្កើនភាពសប្បាយរីករាយ និងពង្រឹងកាយសម្បទាមាំមួន និងតម្រូវឱ្យឈរលើស្មារតីទទួលខុសត្រូវ ការគោរពវិន័យ គោរពបទបញ្ជាបច្ចេកទេស ចេះយោគយល់ អធ្យាស្រ័យ ទើបអាចផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព ដែលជាគំរូមួយដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិយើង។
សម្រាប់ពិធីបើកជាផ្លូវការនឹងប្រព្រឹត្តទៅនៅទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិ ល្ងាចថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤។ ការរៀបចំនៅផ្នែកខាងក្រៅបែបនេះដើម្បីឱ្យមានភាពអធិកអធម និងសមស្របទៅតាមព្រឹត្តិការណ៍បែប Games៕