នៅរសៀសថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៤ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE បានចូលរួមពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់ជាមួយ ខ្មែប៊ែវើរីជីស ស្តីពីកិច្ចសហការឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE រយៈពេល ៥ឆ្នាំ នាផ្សារទំនើប CHIP MONG 271។
ឯកឧត្តម ខៀវ ភារិទ្ធ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE បានបង្ហាញគោលជំហរក្នុងការពង្រីកពានរង្វាន់ពាក់កណ្តាលអាជីពធំប្រចាំស្រុកមួយនេះ ឱ្យមានការប្រកួតជម្រុះនៅតាមបណ្តាលខេត្តក្រុង ដើម្បីសម្រួលដល់ការអភិវឌ្ឍបាល់ទាត់កម្ពុជា។ ឯកឧត្តម ក៏បានសំណូមពរដល់អ្នកមានធនធាន ឬម្ចាស់ក្រុមហ៊ុននានាជួយចូលរួមក្នុងដំណើរមួយនេះផង។
ទន្ទឹមគ្នាដែរ អ្នកឧកញ៉ា លាង ម៉េង ដែលជាសហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ដៃគូឧបត្ថម្ភរបស់ SOCCER LEAGUE មួយនេះ ក៏ចង់ឃើញព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់មួយនេះមាននៅតាមបណ្តាខេត្ត ដើម្បីសម្រួលដល់ក្រុមកីឡាករនាតាមបណ្តាលខេត្តមានឱកាសចូលរួម ក៏ដូចជាការកាត់បន្ថយចំណាយផ្សេងៗដែរ។
សូមរំឭកថា ការប្រកួតបាល់ទាត់ SOCCER LEAGUE ដែលមានប្រវត្តិតាំងតែពីឆ្នាំ ២០១២ និងបានប្រារព្ធឡើង ៦លើកមកហើយ។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ SOCCER LEAGUE លើកទី៧នេះនឹងចាប់ផ្តើមបើកជាផ្លូវការក្នុងខែមិថុនា ឆ្នាំ២០២៤ រហូតដល់ខែ កក្កដាឆ្នាំ២០២៤ ដោយមានក្រុមបាល់ទាត់សរុបចំនួន ៦១ ក្រុមចូលរួម ក្នុងនោះ ក្រុមបាល់ ទាត់នារីមានចំនួន១៣ក្រុម៕