Skip to content
    ទំព័រដើម  »  កីឡាជាតិ

ពានរង្វាន់ AFF Cup 2024 កម្ពុជាស្ថិតក្នុងពូល A ជាមួយក្រុមការពារតំណែងជើងឯកថៃ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល A នៃព្រឹត្តិការណ៍ AFF Cup 2024 ដែលមានក្រុមការពារតំណែងជើងឯកថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងក្រុមឈ្នះវគ្គ play-off (ព្រុយណេ ឬទីម័រខាងកើត)។ ចំណែកពូល B មានវៀតណាម , ឥណ្ឌូនេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា និងឡាវ។

ការប្រកួតជាផ្លូវការនឹងចាប់ផ្ដើមពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។ ចំណែកព្រុយណេ និងទីម័រខាងកើតត្រូវឆ្លងកាត់វគ្គជម្រុះជាមុនសិនដើម្បីយកកៅអីបង្គ្រប់ក្រុមទី១០ ដែលត្រូវចូលដល់ A។

សម្រាប់ដំណើរការប្រកួតវគ្គចែកពូល ក្រុមនីមួយៗ ត្រូវធ្វើម្ចាស់ផ្ទះ២ដង និងលេងក្រៅដី២ដង។ ក្រុមលេខ១ និងលេខ២ តាមពូលនឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយប្រកួតខ្វែង២ជើង។ ក្រុមឈ្នះនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រប្រកួត២ជើង ពោលផ្លាស់ប្ដូរទឹកដីដូចគ្នា។

ការប្រកួតចុងក្រោយ ក្នុងឆ្នាំ២០២២ កម្ពុជា ស្ថិតក្នុងពូល A ដូចគ្នា ដោយឈ្នះហ្វីលីពីន និងព្រុយណេ តែចាញ់ឥណ្ឌូនេស៊ី និងថៃ៕