អ្នកស្រី ឡុង សុខេន ម្ដាយកីឡាការិនី សុជាតិ រ៉ូសាណា រំឭកថា កូនស្រីអ្នកស្រីធ្លាប់មានភាពលក្ខណៈទន់ជ្រាយ មិនសូវចូលចំណោមគេប៉ុន្មានទេកាលនៅពីក្មេង តែក្រោយចូលហ្វឹកហាត់កីឡាតេក្វាន់ដូ ITF កូនច្បងរូបនេះក៏ប្រែក្លាយជាមនុស្សរឹងមាំ និងអាចអភិវឌ្ឍខ្លួនរហូតក្លាយជាជម្រើសជាតិមួយរូបទៀតផង។
ស្ត្រីមានប្រភពពីខេត្តកំពង់ស្ពឺ អះអាងថា ដោយសារតែចង់ឱ្យមានភាពរឹងមាំបែបនេះហើយ ទើបអ្នកស្រីឱ្យនាងហ្វឹកហាត់កីឡាតេក្វាន់ដូ ITF តែក៏មិននឹកស្មានអាចទទួលបានផ្លែផ្កាជាបន្តបន្ទាប់ដូចសព្វថ្ងៃ។
សុជាតិ រ៉ូសាណា ផ្ដើមការហ្វឹកហាត់តេក្វាន់ដូ ITF ក្នុងឆ្នាំ២០១៦ និងបានជាប់ជម្រើសជាតិដំបូងក្នុងឆ្នាំ ២០១៩ ហើយបច្ចុប្បន្នក្រៅពីជានិស្សិតផ្នែកគណនេយ្យ រូបនាងក៏ទទួលបានក្របខណ្ឌជាមន្ត្រីនគរបាលជាតិមួយរូបដែរ។
សម្រាប់ការប្រកួតកីឡាឧត្ដមសិក្សា ឆ្នាំ២០២៤ រ៉ូសាណា ទទួលបានមេដាយប្រាក់មួយគ្រឿង ខណៈប្អូនស្រីបង្កើត គឺ សុជាតិ មរកត ឈ្នះមេដាយមាស២គ្រឿង៕