Skip to content
    ទំព័រដើម  »  កីឡាជាតិ

មូលហេតុព្រឹត្តិការណ៍ប្រណាំងរថយន្ដ Off-Road អន្តរជាតិ លើកដំបូងនៅកម្ពុជាធ្វើនៅខេត្តព្រះសីហនុ

សហព័ន្ធកីឡាយានយន្ដកម្ពុជា និងមហាគ្រួសារ Off-Road នៅកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ដ Off-Road អន្តរជាតិ ឆ្លងកាត់ឧបសគ្គលើកដំបូងលើទឹកដីខេត្តព្រះសីហនុ ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្ដម ទៀ ស្យាម ប្រធានក្លឹបកីឡាមហាគ្រួសារ Off-Road នៅកម្ពុជា មានប្រសាសន៍ថា គោលបំណងនៃការរៀបចំនេះនឹងជំរុញកីឡាយានយន្ដ និងទេសចរណ៍ក្នុងខេត្តព្រះសីហនុ ក៏ដូចជាក្នុងប្រទេស។ ទន្ទឹមនឹងនេះ ការបង្កើតព្រឹត្តិការណ៍នេះអាចធ្វើឱ្យគេស្គាល់ខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត។ មិនត្រឹមតែមានការប្រណាំងប៉ុណ្ណោះទេ ក៏មានការបោះតង់សម្រាកលំហែលើឆ្នេរ និងស្តង់លក់ផលិតផលក្នុងខេត្តឱ្យទេសចរ និងកីឡាករអន្តរជាតិបានឃើញ ថា មានផលិតផលអ្វីខ្លះ។

ព្រឹត្តិការណ៍នេះក៏មានការដង្ហែកីឡាករក្នុងថ្ងៃទី២៩ និងមានព្រឹត្តិការណ៍ផ្សេងៗទៀតដែលធ្វើឱ្យកាន់តែមានភាពអ៊ូអរ និងពេញដោយការសប្បាយរីករាយ។
សម្រាប់ការចូលរួម ទស្សនាគឺដោយសេរី និងមានការ Live Stream ឱ្យមហាជនផងដែរ។

មូលហេតុសំខាន់មួយទៀតនៃការជ្រើសរើសខេត្តព្រះសីហនុ ព្រោះមើលឃើញពីសក្ដានុពលខេត្ត មានឆ្នេរសមុទ្រ មានទីលានធំ និងហេដ្ឋារចនាសម្ព័ន្ធ ហើយប្រទេសជិតខាងស្គាល់ច្រើនស្រាប់។ អាជ្ញាធរខេត្តក៏ចង់ជំរុញខេត្តព្រះសីហនុឱ្យបានអ៊ូអរថែមទៀត។
ទាក់ទងទៅនឹងការចូលរួមវិញ ក្រៅតែពីកីឡាករក្នុងស្រុក ក៏មានពីប្រទេសជិតខាង មានថៃ ឡាវ វៀតណាម និង ចិន ហើយការចុះឈ្មោះនឹងបិទបញ្ចប់នៅថ្ងៃទី២០ ខែវិច្ឆិកា។
ការចុះឈ្មោះបច្ចុប្បន្នមានរថយន្ដក្នុងស្រុកប្រហែល៤០គ្រឿង និងអន្តរជាតិមានជាង២០គ្រឿងហើយ។

ការប្រកួតត្រូវបានបែងចែកជា៣ប្រភេទ គឺ Class A B C។

Class A គឺ ខ្នាតធំបំផុត ខ្នាតកែច្នៃខ្លាំង និង ពិបាកខ្លាំង។ Class B ជាកម្រិតល្មម ដែលអ្នកលេងមួយរយៈមកហើយ មានបទពិសោធខ្លះ។
ចំណែក Class C ជាអ្នកទូទៅ អ្នកដែលស្រលាញ់កីឡា និងចង់ចូលរួមសាកល្បងការប្រណាំង ហើយឡានទូទៅ អាចចូលរួមបាន។

បន្ទាប់ពីខេត្តព្រះសីហនុ ឯកឧត្ដម ទៀ ស្យាម រំពឹងថា ព្រឹត្តិការណ៍នេះនឹងអាចកើតឡើងរាល់ឆ្នាំ ពោលគ្រប់២៥រាជធានីខេត្ត។ តែយ៉ាងណា ជាដំបូង គឺយកខេត្តព្រះសីហនុជាគំរូមួយសិន ថា Off-Road នេះមានអំណោយផល ដល់ប្រជាពលរដ្ឋយ៉ាងណាដែរ។

ជុំវិញការសហការរៀបចំក៏មានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ និងអាជ្ញាធរខេត្តក៏ដូចជាភាគីពាក់ព័ន្ធផ្សេងៗទៀតដែលបានជួយជ្រោមជ្រែងសម្របសម្រួលយ៉ាងច្រើន៕