Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ

អាវុធសម្ងាត់របស់អង់គ្លេសនៅ Euro 2024 ជានរណា?

កីឡាករអង់គ្លេសមួយចំនួនទំនងជាកំពុងរសាប់រសល់ក្នុងការរង់ចាំអ៊ុតថាតើពួកគេមានឈ្មោះក្នុងបញ្ជី២៦នាក់ចុងក្រោយរបស់លោក Gareth Southgate ទៅប្រកួត Euro 2024 តំណាងក្រុមតោកំណាចដែរឬទេ ខណៈនៅសល់តែបីបួនថ្ងៃទៀតប៉ុណ្ណោះការប្រកាសនឹងធ្វើឡើង។

តែមានកីឡាករវ័យក្មេងកំពុងឡើងកូដម្នាក់ដែលត្រូវបានមើលឃើញថាធានាបានកៅអីយន្តហោះទៅអាល្លឺម៉ង់ នោះគឺខ្សែបម្រើប្រយុទ្ធ Cole Palmer មកពីក្លឹប Chelsea។ កីឡាករវ័យ២២ឆ្នាំរូបនេះទើបតែលេងឱ្យក្រុមធំអង់គ្លេសបាន២ដងប៉ុណ្ណោះ ក្នុងនោះការបង្ហាញខ្លួនលើកដំបូងរបស់គេគឺនៅក្នុងខែវិច្ឆិកាឆ្នាំ២០២៣ ដោយប្ដូរចូលនៅនាទី៦១ ក្នុងជ័យជម្នះ២-០របស់អង់គ្លេសលើ ម៉ាល់តា ក្នុងការប្រកួតវគ្គជម្រុះ Euro 2024។

ស្របពេលអង់គ្លេសនឹងសាកជើងជាមួយ បូស្នី ហឺហ្សេហ្គោវីណា យប់ថ្ងៃចន្ទទី៣ខែមិថុនានេះនៅ Newcastle ម៉ោង១៖៤៥រំលងអធ្រាត្រនៅកម្ពុជា Palmer ត្រូវបានលើកឡើងថាជាអាវុធសម្ងាត់របស់អង់គ្លេស។ នេះបើតាមការផ្សាយរបស់ BBC។

លោក Southgate នឹងបាត់បង់កីឡាករ៧នាក់ពីបញ្ជីបឋម៣៣នាក់របស់លោកនៅថ្ងៃទី៧ខែមិថុនាដែលជាថ្ងៃកំណត់ចុងក្រោយដើម្បីបញ្ជូនបញ្ជី២៦នាក់ទៅ UEFA។ ប្រសិនបើម្នាក់ក្នុងចំណោម៧នាក់ដែលលោក Southgate នឹងជម្រុះចេញនោះមាន Palmer ដែរ ប្រាកដជាមានមនុស្សជាច្រើនជ្រួញចិញ្ចើមមិនខាន។

អ្នកតាមដានបាល់ទាត់អង់គ្លេសជាច្រើនភ្ញាក់ផ្អើលនៅពេល Palmer ផ្ទេរចេញពី Manchester City ទៅចូលរួម Chelsea ក្នុងតម្លៃ៤២,៥លានផោន កាលពីថ្ងៃទី១កញ្ញាឆ្នាំ២០២៣។ គេបានចាប់ផ្ដើមរដូវកាល២០២៣-២៤យ៉ាងចំណាន ហើយថែមទាំងបានស៊ុតចូលក្នុងការប្រកួត Community Shield ដែល Man City ចាញ់ Arsenal និងក្នុងជ័យជម្នះ UEFA Super Cup លើ Sevilla។ គ្រាប់បាល់ទាំង២នេះកើតឡើងក្រោយពេលគេបានដើរតួសំខាន់ក្នុងជោគជ័យឈ្នះពាន Euro U21 របស់អង់គ្លេសនៅហ្សកហ្ស៊ី។ មនុស្សជាច្រើនបានគិតថាវាជាការប្រថុយប្រថានសម្រាប់ Palmer ដែលចាកចេញពីក្លឹបដើមរបស់គេ ដែលទើបលើកពាន Treble ក្នុងមួយរដូវកាល និងជាទីដែលគេចាប់ផ្ដើមបញ្ចេញរស្មីដោយបានលេងក្នុងជម្រើសដំបូង១៣ប្រកួតក្នុងចំណោមការបង្ហាញខ្លួនសរុប៤១លើកសម្រាប់ក្រុមលោក Pep Guardiola។

Soccer Football – Premier League – Chelsea v Manchester City – Stamford Bridge, London, Britain – November 12, 2023 Chelsea’s Cole Palmer celebrates scoring their fourth goal with Nicolas Jackson REUTERS/Dylan Martinez

ដោយសារតែលោក Pep Guardiola មិនចង់ឱ្យ Palmer ចេញទៅក្លឹបផ្សេងក្រោមលក្ខខណ្ឌខ្ចី ទីបំផុត Palmer បានសម្រេចចាកចេញជាអចិន្ត្រៃយ៍តែម្ដង។ ជាលទ្ធផល ការសម្រេចចិត្តរបស់គេគឺជោគជ័យ។ Palmer រកបាន២២គ្រាប់និង assist១១លើកក្នុងការលេង Premier League ៣៣ប្រកួតសម្រាប់ក្រុមលោក Mauricio Pochettino និងបានរួមចំណែកសំខាន់ក្នុងការជម្នះការចាប់ផ្ដើមរដូវកាលមិនល្អរបស់ Chelsea ហើយទទួលបានកៅអី UEFA Europa Conference League រដូវកាលក្រោយ។

គុណផលដ៏អស្ចារ្យរបស់ Palmer បាននាំឱ្យគេឈ្នះពានកីឡាករវ័យក្មេងល្អបំផុតក្នុងក្របខណ្ឌ Premier League Young Player of the Season 2023-24 ព្រមទាំងពានកីឡាករល្អបំផុតរបស់អ្នកគាំទ្រ PFA Fans’ Player of the Year 2023-24 និងពាន Premier League Game Changer of the Season 2023-24។ ហើយប្រាកដណាស់ ពានកីឡាករឆ្នើមជាងគេរបស់ Chelsea ប្រចាំរដូវកាល បានទៅលើ Palmer នេះហើយ។

Palmer ជាកីឡាករដំបូងគេរបស់ Chelsea ដែលពាក់ព័ន្ធដោយផ្ទាល់ចំនួន២៥គ្រាប់ឡើងក្នុងមួយរដូវកាល Premier League ចាប់តាំងពី Eden Hazard ធ្វើបានក្នុងរដូវកាល២០១៨-១៩។ Premier League 2023-24 ដែលទើបចប់ថ្មីៗនេះ ស្ថិតិបង្ហាញថា មានតែ Erling Haaland របស់ Man City ប៉ុណ្ណោះដែលរកបានគ្រាប់បាល់ច្រើនជាង Palmer ហើយមានតែ Ollie Watkins របស់ Aston Villa ម្នាក់គត់ដែល assist បានច្រើនជាង Palmer។

Palmer មានចំនួនគ្រាប់បាល់និងចំនួនassist សរុបចូលគ្នាច្រើនជាងគេក្នុងចំណោមកីឡាករអាយុ២១ឆ្នាំចុះក្រោម ដែលលេងនៅក្នុងលីគធំបំផុតទាំង៥របស់អឺរ៉ុប។

វាពិតជាដំណើរដ៏អស្ចារ្យ ក្នុងរយៈពេល១២ខែចុងក្រោយសម្រាប់កីឡាករវ័យក្មេងម្នាក់ដែលបានអង្គុយបម្រុងពេញមួយប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League នៅអ៊ីស្តង់ប៊ុល ដែល Man City បានផ្ដួល Inter Milan។

អតីតខ្សែបម្រើ Arsenal, Barcelona និង Chelsea លោក Cesc Fabregas និយាយថាលោកជាអ្នកវិភាគម្នាក់ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League នោះ ហើយលោកបានឃើញ Palmer មានឈ្មោះក្នុងបញ្ជីគ្រាន់តែជាកីឡាករវ័យក្មេងសម្រាប់កម្ដៅសាច់ដុំនិងអង្គុយមើលយកបទពិសោធប៉ុណ្ណោះ មិនមែនស្ថិតក្នុងចំណោមកីឡាករដែលរំពឹងថាលោក Guardiola នឹងដាក់ឱ្យចូលលេងក្នុងប្រកួតនោះឡើយ។ ប៉ុន្តែរឿងមិននឹកស្មានដល់បានកើតឡើងយ៉ាងមិននឹកស្មាន គឺការផ្ទេរទៅ Chelsea ហើយបង្ហាញគុណផលបានយ៉ាងល្អប្រកបដោយគុណភាពនិងបុគ្គលិកលក្ខណៈរបស់ Palmer។ លោក Fabregas ដែលជាអតីតខ្សែបម្រើអេស្ប៉ាញដ៏ឆ្នើមម្នាក់ដែលលេងល្អនិងកាន់តំណែងប្រធានក្រុមតាំងពីវ័យក្មេងនោះ បន្តថាលោកមិនបានរំពឹងដល់សោះថាកីឡាករវ័យក្មេងម្នាក់នេះបានជះឥទ្ធិពលភ្លាមៗយ៉ាងធំក្នុងគុណផលនិងលទ្ធផលរបស់ Chelsea។

បន្ថែមពីលើនេះ អតីតខ្សែបម្រើប្រយុទ្ធ Chelsea លោក Joe Cole ពណ៌នាថា Palmer ជាកីឡាករដ៏សែនឈ្លាសវៃ។ ហើយអតីតខ្សែការពារឆ្នើមអង់គ្លេស និង Man Utd លោក Rio Ferdinand និយាយថា Palmer អាចជាអាវុធដ៏មានប្រសិទ្ធភាពសម្រាប់ក្រុមតោកំណាចនៅលើឆាកអន្តរជាតិ៕