Skip to content
    ទំព័រដើម  »  កីឡាជាតិ

លោក ពាក់មី លើកទឹកចិត្តអ្នកមានលទ្ធភាពតាមតំបន់ផ្សេងៗរួមចំណែកបណ្ដុះធនធានកីឡាបាល់ទាត់ឱ្យបានច្រើន

ទទួលស្គាល់ថា ការបង្កើតក្រុមកីឡាបាល់ទាត់ត្រូវចំណាយថវិកាច្រើន ប៉ុន្តែលោក ពាក់មី នៅតែលើកទឹកចិត្តសូមអ្នកមានលទ្ធភាពនៅតាមតំបន់ផ្សេងៗក្នុងព្រះរាជាណាចក្រកម្ពុជាពិចារណារួមចំណែកបណ្ដុះធនធានកីឡាមួយនេះឱ្យបានច្រើនដើម្បីជាប្រទេសជាតិ ឈានទៅកាន់ភាពរីកចម្រើន។

តារាកំប្លែងខាងលើអះអាងថា ការរៀបចំក្រុមមួយៗត្រូវការចាយច្រើន ប៉ុន្តែសម្រាប់លោកនៅតែពុះពារបន្តធ្វើ ព្រោះចិត្តស្រលាញ់។

បុរសមានប្រភពពីខេត្តស្វាយរៀងដដែលរំឭកថា កាលពីក្មេង ដោយសារតែជីវភាពមិនអំណោយផល និងជាកូនអ្នកស្រែផងនោះ លោកមិនដែលគិតពីការលេងកីឡាបាល់ទាត់ទេ។ ប៉ុន្តែបច្ចុប្បន្ននេះលោកមើលឃើញថា ដោយសារតែប្រទេសជាតិរីកចម្រើនជាងមុន ដូច្នេះទីលានកីឡាបាល់ទាត់ក៏កាន់តែរីកដុះដាល ងាយស្រួលដល់ការលេង។

លោក ពាក់មី ក៏បានសរសើរពីការរៀបចំការប្រកួតកីឡាបាល់ទាត់កុមារ១មិថុនា ដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងក្លឹបបាល់ទាត់បឹងកេត ក្រោមការជ្រោមជ្រែងពីក្រុមហ៊ុន AIA ថា ពិតជាសំខាន់ក្នុងការអភិវឌ្ឍកីឡាបាល់ទាត់ជាតិ ជាពិសេសសាបព្រោះនូវធនធានកីឡាករ។

ក្នុងការប្រកួតបាល់ទាត់កុមារ១មិថុនាអបអរទិវាកុមារអន្តរជាតិ កាលពីថ្ងៃទី០១ ខែមិថុនា លោក ពាក់មី បានដឹកនាំក្រុមកុមារផ្ការីកគ្រប់រដូវរបស់លោកចំនួន២កម្រិតអាយុ ចូលរួមប្រកួតផងដែរ៕