លោក គឹម សុផាណ្ណា ជាអាជីវករនៅលើកោះឧកញ៉ាតីក្នុងឱកាសជូនកូនប្រុសមកប្រកួតពានរង្វាន់ AIA បាល់ទាត់ជើងឯកកុមារលើកទី២ ឆ្នាំ២០២៤ បានបង្ហាញភាពសប្បាយរីករាយមែនទែន ព្រោះជាវេទិកាមួយផ្តល់ឱកាសឱ្យក្មេងៗបានបញ្ចេញសមត្ថភាពការលេងបាល់ទាត់របស់ពួកគេ។ ឆ្លើយតបមកក្រុមការងារ AMS Sports បុរសវ័យ ៣៨ឆ្នាំ នេះបាននិយាយថាតែងតែដកឃ្លាពីអាជីវកម្ម យកពេលជូនកូនប្រុសមិនក្រោម ៤០ ទៅ ៥០នាទីទៅហាត់បាល់ ឬប្រកួតនានា។
បុរសមានមូលដ្ឋានក្នុងស្រុកខ្សាច់កណ្តាល ដដែលបន្តថាដោយសារតែចិត្តស្រឡាញ់វិស័យមួយនេះផង និងមើលឃើញកូនប្រុសមានដុងទៅទៀតនោះ លោកមិនមានភាពហត់នឿយក្នុងការគាំទ្រ និងលើកទឹកចិត្តកូនប្រឡូកក្នុងកីឡាបាល់ទាត់នេះឡើយ។
ជាមួយគ្នាដែរ ឪពុករបស់កុមារា គឹម ពៅនាងករុណា ខាងលើបានបង្ហាញគោលជំហរមុតមាំក្នុងការជំរុញកូនប្រុសបន្ថែមទៀត ដើម្បីក្លាយជាធនធានកីឡាករបាល់ទាត់អាជីពមួយរូបនាពេលអនាគត។ លើសពីនេះ លោក ផាណ្ណា ក៏បានសរសើរដល់ការរៀបចំកម្មវិធី AIA បាល់ទាត់ជើងឯកកុមារ និងក៏លើកទឹកចិត្តដល់អាណាព្យាបាលដទៃៗឱ្យបញ្ជូនកូនៗមកចូលរួមលេងកីឡាទាំងអស់គ្នា។
កូនប្រុសរបស់លោក គឹម សុផាណ្ណា បច្ចុប្បន្នកំពុងហ្វឹកហាត់ក្នុងថ្នាលយុវជនក្រុមផ្ការីកគ្រប់រដូវអាយុក្រោម ១១ឆ្នាំ ដែលមានលោក ពាក់មី ជាស្ថាបនិក។ សម្រាប់ពានរង្វាន់ AIA បាល់ទាត់ជើងឯកកុមារលើកទី២ ឆ្នាំ២០២៤ នេះទៀតសោត U11 ក្រុមផ្ការីកគ្រប់រដូវក៏ជាម្ចាស់ជើងឯកផងដែរ៕