Skip to content
Haaland និង Bayern បំបែកឯតទគ្គកម្មយ៉ាងអស្ចារ្យរៀងខ្លួនក្នុងរាត្រីតែមួយ មុនប៉ះគ្នាសប្ដាហ៍ក្រោយ
    ទំព័រដើម  »  កីឡាជាតិ

Haaland និង Bayern បំបែកឯតទគ្គកម្មយ៉ាងអស្ចារ្យរៀងខ្លួនក្នុងរាត្រីតែមួយ មុនប៉ះគ្នាសប្ដាហ៍ក្រោយ

ខ្សែប្រយុទ្ធ Erling Braut Haaland ជាពីរបួសយ៉ាងលឿនគួរឱ្យភ្ញាក់ផ្អើល ហើយបានចូលលេងក្នុងជ័យជម្នះរបស់ Dortmund ៣-១ នៅទឹកដី Wolfsburg យប់ថ្ងៃសៅរ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២១ ហើយថែមទាំងបំបែកឯតទគ្គកម្មដ៏អស្ចារ្យមួយ ស្របពេល Bayern Munich ក៏បំបែកកំណត់ត្រាអស្ចារ្យស្រដៀងគ្នានេះមួយដែរ។

Haaland ដែលបានរងរបួសត្រគាកក្នុងពាក់កណ្ដាលខែតុលានិងត្រូវបានរំពឹងថាជាសះស្បើយពេញលេញក្នុងឆ្នាំ២០២២ បានចូលលេងក្នុងនាទី៧៣នៃការប្រកួតយប់មិញជំនួស Donyell Malen ហើយ៧នាទីបន្ទាប់ គេបានស៊ុតចូល។ នេះជាការចូលលេងលើកទី៥០របស់ Haaland ក្នុង Bundesliga ហើយគ្រាប់នេះក៏ជាគ្រាប់ទី៥០របស់គេក្នុងលីគនេះ ដែលធ្វើឱ្យ​គេក្លាយជាកីឡាករ​ក្មេង​បំផុតរកបាន​៥០​គ្រាប់​ក្នុង Bundesliga គឺក្នុង​វ័យ​២១​ឆ្នាំនិង​១២៩​ថ្ងៃ​។

Wolfsburg យប់មិញបាននាំមុខមុនតាំងពីនាទីទី២ ដោយកីឡាករ Wout Weghorst តែនៅនាទី៣៥ Emre Can ស៊ុតបាល់ពិន័យ១១ម៉ែត្រតាមស្មើឱ្យ Dortmund រួច Malen បើកការនាំមុខឱ្យក្រុមភ្ញៀវក្នុងនាទី៥៥ មុនពេល Haaland ស៊ុតគ្រាប់ចុងក្រោយ។ នេះជា​គ្រាប់បាល់​ទី១០​​របស់ Haaland ពីការ​ចូលលេង​៧លើក​ក្នុង​រដូវកាលនេះ។

ជ័យជម្នះនេះ បាននាំឱ្យ Dortmund ឡើងកំពូលតារាងជំនួស Bayern Munich មួយរយៈខ្លីដែរ ដោយមាន៣០ពិន្ទុពី១៣ប្រកួត។

តែបន្ទាប់មក Leroy Sane បានស៊ុតគ្រាប់តែ១គត់ក្នុងការប្រកួត ជួយ Bayern ឈ្នះ Arminia Bielefeld ១-០ ដើម្បីវិលមកកំពូលតារាងឡើងវិញ​ ដោយមាន​៣១​ពិន្ទុពី​១៣​ប្រកួត​។ គ្រាប់បាល់នេះបាននាំឱ្យ Bayern បំបែកឯតទគ្គកម្មចំណាស់៤៤ឆ្នាំ គឺក្លាយជាក្រុមដែលរកបានគ្រាប់បាល់ច្រើនបំផុតក្នុងមួយឆ្នាំប្រតិទិនក្នុង Bundesliga ដោយ Bayern រកបាន១០២គ្រាប់ក្នុងលីគកំពូលអាល្លឺម៉ង់ក្នុងឆ្នាំ២០២១នេះ បំបែកកំណត់ត្រា Cologne ដែលរកបាន១០១គ្រាប់ក្នុង Bundesliga ក្នុងឆ្នាំ​១៩៧៧​។

Bayern Munich នឹង​ធ្វើ​ដំណើរទៅ​ប្រកួត​នៅ​ទឹកដី Dortmund ថ្ងៃ​​​អាទិត្យ​ទី​៥​ខែ​ធ្នូ​ឆ្នាំ​២០២១ ជាការ​ប្រកួត​ដែល​គេ​ហៅ​ថា Der Klassiker​៕