មើលឃើញថា សន្ទុះនៃកីឡាបាល់បោះនៅប្រទេសកម្ពុជាមិនទាន់ខ្លាំងក្លា យុវជនខ្មែរកើតនៅអាមេរិក គួច ខាលវិន បានកៀកដៃបងប្រុសរបស់ខ្លួន គឺយុវជន គួច វរ្ម័ន បង្កើតជាស្ថាប័នមួយឈ្មោះថា UpNext ដើម្បីជួយតម្រង់ផ្លូវយុវជនខ្មែរដែលស្រលាញ់កីឡាមួយនេះឱ្យមានជំនាញច្បាស់លាស់ ឈានទៅបំពេញក្ដីស្រមៃជាកីឡាករអាជីព។
យុវជន ខាលវិន ដែលបច្ចុប្បន្នរៀនថ្នាក់ទី១១ ប្រាប់ថា បាល់បោះគឺជាកីឡាដែលរូបគេចូលចិត្ត និងបានលេងជាប្រចាំតំណាងសាលារៀនផងនោះ បានទាក់ទងគ្រូជំនាញពីសហរដ្ឋអាមេរិកដើម្បីមកចែករំលែកបទពិសោធដល់យុវជនកម្ពុជា កាលថ្ងៃទី០១ និងថ្ងៃទី០២ ខែមិថុនា នេះ។
ចំណែក យុវជន វរ្ម័ន បានបង្ហាញពីគោលដៅរបស់ UpNext ក្នុងការសម្រួចផ្លូវរបស់យុវជន។
គួរដឹងដែរថា UpNext បានរៀបចំការប្រមូលផ្ដុំហ្វឹកហាត់មួយដែលមានការចូលរួមពីយុវជនចំនួន៥០រូបមកសាលាផ្សេងៗ ក្រោមការចែករំលែកបទពិសោធពីគ្រូបង្វឹកមកពីស្ថាប័ន NBA ចំនួន២រូប។
លោក Jordan ដែលជាគ្រូបង្វឹកបានបង្ហាញអារម្មណ៍រីករាយដែលបានចូលរួមចែករំលែកបទពិសោធដល់យុវជនខ្មែរ។ លោកបានមើលឃើញពីចំណាប់អារម្មណ៍ខ្លាំងពីសំណាក់យុវជនកម្ពុជាក្នុងកីឡាបាល់បោះនេះ។ លោកថា ប្រសិនបើពួកគេខិតខំប្រឹងប្រែង នោះនឹងអាចឈានទៅរកភាពរីកចម្រើនបានល្អ។ លោកក៏ភ្ញាក់ផ្អើលពីទីលានកីឡាបាល់បោះ និងសម្រស់ប្រទេសកម្ពុជាផងដែរ៕