ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជាបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៤ ឆ្ពោះទៅកាន់រដ្ឋធានីហាណូយ ប្រទេសវៀតណាម ដើម្បីចូលរួមការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជើងឯកអាស៊ី ដែលប្រព្រឹត្តទៅពីថ្ងៃនេះដល់ថ្ងៃទី១១ ខែមិថុនា។ ចំនួនអ្នកចូលរួមពីប្រទេសកម្ពុជាមានកីឡាករមាន១រូប កីឡាការិនី៨ គ្រូជំនួយ២រូប ដឹកនាំដោយឯកឧត្ដម ណយ ផាណា ជាគ្រូបង្វឹក និងប្រតិភូ។
ឯកឧត្ដម ណយ ផាណា មានប្រសាសន៍ថា ការចូលរួមប្រកួតមាន២ប្រភេទ គឺកម្រិតក្រុមធំ (Senior) មាន៥ប្រភេទ និងក្រុមអាយុក្រោម១៧ឆ្នាំ (Junior) ១ប្រភេទ។ ឯកឧត្ដមបន្តថា ការហ្វឹកហាត់ត្រៀមខ្លួនមានលក្ខណៈពេញលេញល្អ ជាពិសេសលើការបង្កើនគុណផល ព្រោះមិនអាចនៅតែដដែលបានទេ។
ឯកឧត្ដមអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាដដែលសង្កត់ធ្ងន់ថា ការចូលរួមការប្រកួតនេះ ដើម្បីវាស់ស្ទង់សមត្ថភាពផង និងត្រៀមសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ២០២៥ ក៏ដូចជាការប្រកួតជើងឯកអាស៊ី នៅប្រទេសឥណ្ឌា នាឆ្នាំក្រោយ។
សម្រាប់ការប្រជែងមេដាយ ឯកឧត្ដម ណយ ផាណា បញ្ជាក់ថា ពិតជាសំខាន់ ហើយក្រុមនឹងព្យាយាមដណ្ដើមឱ្យបានដូចឆ្នាំកន្លងទៅ តែអ្វីកាន់តែសំខាន់មួយទៀតនោះ គឺ ការព្យាយាមបំបែកនូវកំណត់ត្រាផ្ទាល់ខ្លួនដែរ ពោលធ្វើយ៉ាងណាឱ្យទទួលបានពិន្ទុច្រើនជាងមុន។ ក្នុងចំណោមវិញ្ញាទាំង៦ ឯកឧត្ដមមើលឃើញថា ការសម្ដែង៣នាក់, ឯកត្តជន Junior នារី និងក្រុម ជាវិញ្ញាសាមានសក្ដានុពលក្នុងការប្រជែងយកមេដាយ។
ចំពោះសមាសភាពវិញ សុទ្ធតែជាអ្នកមានបទពិសោធចូលរួមការប្រកួតមុនៗដើម្បីជាទុនប្រជែងយកមេដាយ។ ប៉ុន្តែឯកឧត្ដម ណយ ផាណា ទទូចថា នៅឆ្នាំក្រោយៗក៏អាចនឹងមានយុវជនថ្មីៗថែមទៀតចូលរួម ដើម្បីជាការត្រៀមព្រឹត្តិការណ៍យុវជនអាស៊ី ឆ្នាំ២០២៩។
ជាចុងក្រោយឯកឧត្ដម ណយ ផាណា ក្នុងនាមសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាដែលតែងតែយកចិត្តទុកដាក់ ជំរុញ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគ្រប់រូប៕