ដោយសារតែមានអំណោយផលផ្នែកកម្ពស់ ពោលទើបតែមានអាយុ១៧ឆ្នាំមានខ្ពស់ខ្លាំងដល់ទៅ១ម៉ែត្រ៩៥ យុវជន សុភា សតវត្សរ៍ បានបង្ហាញពីបំណងប្រាថ្នាចង់ក្លាយទៅជាកីឡាករបាល់បោះអាជីពមួយរូបនាពេលអនាគត។
សិស្សថ្នាក់ទី១១រូបនេះរំឭកថា ចាប់អារម្មណ៍កីឡាមួយនេះជាង១ឆ្នាំមកហើយ ព្រោះមើលទៅសប្បាយ មានការប្រជែងគ្នាខ្លាំង។ ម្យ៉ាងកម្ពស់ក៏ខ្ពស់ស្រាប់ផង ដូច្នេះងាយស្រួលក្នុងការប្រកួត។ គេថា ក្រៅពីតែនេះ គេក៏ធ្លាប់លេងកីឡាករផ្សេងៗដែរ ដូចបាល់ទាត់ និងធាក់កង់ជាដើម តែចូលចិត្តបាល់បោះជាង។
ទាក់ទងទៅនឹងការមានកម្ពស់ខ្ពស់នេះដែរ សតវត្សរ៍ ប្រាប់ថា ចាប់ផ្ដើមលូតខ្លាំងអំឡុង២ទៅ៣ឆ្នាំមុន ដោយគេចូលចិត្តទទួលទាននំបុ័ង និងទឹកដោះគោ។ ម្យ៉ាងទៀត ឪពុករបស់គេមានកម្ពស់១ម៉ែត្រ៨៥ និងម្ដាយកម្ពស់១ម៉ែត្រ៧៦ ហើយបងប្អូនរបស់គេសុទ្ធតែមានកម្ពស់ដូចគ្នា។
សុភា សតវត្សរ៍ បានជាប់ក្នុងចំណោមយុវជន៥០នាក់ទៅចូលរួមទទួលការចែករំលែកបទពិសោធកីឡាបាល់បោះពីគ្រូបង្វឹកជនជាតិអាមេរិក២រូប។ គេថា បទពិសោធថ្មីជួយឱ្យបានយល់ដឹងបន្ថែមពីកីឡាបាល់បោះ ជាពិសេសមូលដ្ឋានគ្រឹះ ដូចជា ការគ្រប់គ្រង ការបណ្ដើរជាដើម៕