Skip to content
កីឡាឡើងភ្នំបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីប្រជាជនកម្ពុជា
    ទំព័រដើម  »  កីឡាជាតិ

កីឡាឡើងភ្នំបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីប្រជាជនកម្ពុជា

សហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានធ្វើពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាឡើងភ្នំកម្រិតបឋម និងគ្រូបង្វឹកកម្រិត១-២ (ឆ្នាំ២០២៤) ដោយជោគជ័យដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នាអគារខេមរានី ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុបចំនួន៧៤នាក់មកពីបណ្តាក្លឹប សមាគម មហាជនទូទាំង២៥រាជធានី-ខេត្ត។

ថ្លែងក្នុងពិធីបិទ ឯកឧត្តមឧបនាយរដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា “កីឡាគឺជាបំណែកមួយនៃគ្រឹះគុណភាពជីវិតថ្មីរបស់ប្រជាជនកម្ពុជា ស្របទៅតាមបំណងប្រែក្លាយកម្ពុជាទៅជារដ្ឋទំនើបដែលមានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ វិធានការគន្លឹះទាំង៥ និង គោលនយោបាយទាំង៦ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាផែនទីឯកភាពក្នុងការអនុវត្តចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា។ ក្នុងនោះការកសាងធនធានមនុស្សជាអទិភាពគន្លឹះទី១ នៃអាទិភាពគន្លឹះទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។ មនុស្សក្នុងរដ្ឋទំនើបកម្ពុជាគឺ លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត មានសុខភាពល្អ រាងកាយមាំមួន មានចំណេញដឹងជ្រៅជ្រះ ជំនាញរឹង ជំនាញទន់ សីលធម៌ សុជីវធម៌ ប្រាជ្ញាវាងវៃជាពលរដ្ឋសកល ទឹកចិត្តស្នេហាជាតិ។

 

កីឡាឡើងភ្នំនេះ គឺជាផ្នែកមួយនៃការលើកកម្ពស់វិស័យកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងចូលរួមចំណែកអភិវឌ្ឍវិស័យកីឡានៅតាមគ្រឹះស្ថានមធ្យមសិក្សារដ្ឋ និង ឯកជននៅរាជាធានីភ្នំពេញ ឱ្យមានសកម្មភាពរស់រវើក ហើយការផ្ដួចផ្ដើមនេះ គឺជាទំព័រថ្មីមួយបន្ថែមទៀតនៅក្នុងវិស័យកីឡាឡើងភ្នំ ដែលតាមរយៈនេះ អាចប្រែក្លាយសិស្សានុសិស្ស និងក្រុមកីឡាករដែលស្ម័គ្រចិត្តចូលរួមប្រកួតទៅជា កូនល្អ សិស្សល្អ មិត្តល្អ សាលារៀនស្អាត កីឡាករគំរូ ដែលអាចរីកដុះរដាលនៅគ្រប់ភូមិសិក្សា សម្រាប់ជាក្ដីសង្ឃឹម និង អនាគតរបស់កម្ពុជា ស្របតាមគោលនយោបាយជាតិស្ដីពីការ អភិវឌ្ឍវិស័យអប់រំកាយ និងកីឡា។

ជាមួយគ្នានេះផងដែរ ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានសម្រេច​សាងសង់​បន្ថែម​​ទីតាំង​លេង​កីឡាឡើងភ្នំនេះនៅអាគារខេមរានី នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដើម្បី​ជំរុញ​បន្ថែម​ការ​ចូល​រួម​លេង​និងអភិវឌ្ឍ​កីឡា​ឡើង​ភ្នំ ក៏​ដូច​ជា​​ធ្វើ​ឱ្យ​អគារ​ខេមរានី​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជ​ធានី​ភ្នំពេញ​ក្លាយ​ជា​មជ្ឈមណ្ឌ​កីឡា​ចម្រុះ​មួយ​។

 

កីឡាឡើងភ្នំ​​ចាប់ផ្ដើម​មាន​នៅ​កម្ពុជា​ដំបូងនៅអំឡុងឆ្នាំ២០០៥ ដោយជនជាតិបរទេសចូលចិត្តកីឡាមួយនេះ​។ ដោយមានទំនាក់ទំនងល្អ ហើយមានការចាប់អារម្មណ៍ពីប្រជាជនខ្មែរ យើងនៅខេត្តសៀមរាប និងរាជាធានីភ្នំពេញ បានចូលរួមលេងជាក្រុមជាមួយប្រទេសទាំងនោះ។ ការចូលរូមអភិវឌ្ឍ​ប្រភេទកីឡានេះ ឱ្យកាន់តែមានភាពរីកចម្រើន និងមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័ននានាក្នុងប្រទេសកម្ពុជា និង អន្តរជាតិ ជាពិសេស ក្រុមអ្នកនិយមកីឡាឡើងភ្នំ បានរៀបជាអ្នកផ្ដួចផ្ដើមបង្កើតសហព័ន្ធកីឡាឡើងភ្នំនេះឡើង ហើយក្លាយជាសមាជិកពេញសិទ្ធិអាណត្តិទី១របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដំបូងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១១  មួយអាណត្តិមានរយៈពេល៤ឆ្នាំម្ដង។ នេះ​ជា​អាណត្តិ​ទី​៤​នៃ​​សហព័ន្ធ​កីឡា​ឡើង​ភ្នំ​កម្ពុជា​ដែល​មាន​ឯក​ឧត្ដម ឡាំង អូណា ជា​ប្រធាន​៕