Skip to content
    ទំព័រដើម  »  កីឡាជាតិ

វីរៈកីឡាម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ដាក់គោលដៅយកជើងឯកធំៗ២ទៀតក្រោយបានលទ្ធផលល្អនៅជប៉ុន

ការឈានទៅដណ្ដើមពានរង្វាន់ជើងឯកអាស៊ី និងពានរង្វាន់ពិភពលោក World Serie គឺជាគោលដៅដ៏ធំមួយទៀតរបស់ក្រុមកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា។ នេះបើតាមការថ្លែងរបស់វីរកីឡាករ សាលី អ៊ូមើត ក្រោយបានដឹកនាំកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជាមកដល់មាតុប្រទេសវិញហើយ កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ នៅក្នុងដំណើរវិលត្រឡប់មកដល់មាតុប្រទេសវិញទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងតំណាងក្រសួងអប់រំ យុវជន និងកីឡា។

សាលី អ៊ូមើត បន្តថា ការចូលរួមប្រកួតកីឡាម៉ូតូទឹកជើងឯកអាស៊ី នៅក្រុងអូសាកា ប្រទេសជប៉ុន កម្ពុជា ទទួលបានលទ្ធផលល្អប្រសើរ ដោយមានត្រឹម៥នាក់ តែអាចបានលទ្ធផលល្អដូចៗគ្នា ហើយបានប្រកួតប្រជែងជាមួយកីឡាករខ្លាំងៗជាច្រើនប្រទេស។ ជាលទ្ធផល គឺម៉ូតូទឹកកម្ពុជាដណ្តើមបានលទ្ធផលល្អចំណាត់ថ្នាក់លេខ១ (៣វិញ្ញាសា) ចំណាត់ថ្នាក់លេខ២ (១វិញ្ញាសា) និងចំណាត់ថ្នាក់លេខ៣ (១វិញ្ញាសា)។
ជាលទ្ធផល វីរកីឡាករ សាលី អូម៉ើត លេខ១ វិញ្ញាសា Sport GP, កីឡាករ សាលី ហ្វីលីន ចំណាត់ថ្នាក់លេខ១ លើវិញ្ញាសា Expert Runabout 1100 Stock, កីឡាករ មីន អូស្មាន់ លេខ១ លើវិញ្ញាសា Novice Ski Stock, កីឡាករ កៃវ៉ាន់ ស៊ីដែន លេខ២ លើវិញ្ញាសា Novice Ski Stock, កីឡាករ មីន ម៉ូស្តាន លេខ៣ លើវិញ្ញាសា Novice Runabout 1100 Open។

ការប្រកួតកីឡាម៉ូតូទឹកជើងឯកអាស៊ី នៅប្រទេសជប៉ុន គឺជាការប្រកួតជុំទី១ ហើយត្រូវបន្តនៅជុំផ្តាច់ព្រ័ត្រ នៅប្រទេសថៃ នាថ្ងៃទី១១-១៥ ខែធ្នូ ឆ្នាំ២០២៤។ ចំណែកការប្រកួតកីឡាម៉ូតូទឹកកម្រិតពិភពលោក (World Series) ត្រូវប្រកួតចំនួន៣ជុំ ដោយចាប់ផ្តើមនៅប្រទេសប៉ូឡូញ សម្រាប់ជុំទី១ នាថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៤។ ជុំទី២ ប្រកួតនៅទឹកដីសហរដ្ឋអាមេរិក ពីថ្ងៃទី០៧-១៣ ខែតុលា ឆ្នាំ២០២៤ និងជុំទី៣ ដែលជាជុំផ្តាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនៅប្រទេសថៃ នាថ្ងៃទី១១-១៥ ខែធ្នូ ឆ្នាំ២០២៤ជាមួយនឹងការប្រកួតជុំផ្តាច់ព្រ័ត្រនៃជើងឯកអាស៊ីនេះដែរ៕