ក្រោយចាញ់ Manchester United ០-២ ដែលបានបញ្ចប់ភាពឈ្នះរហូតត្រឹម២១ប្រកួតជាប់គ្នា ក្រុម Manchester City វិលមកវិថីជ័យជម្នះវិញដោយលត់ Southampton ៥-២ ហើយបង្កើនគម្លាតនាំមុខ១៤ពិន្ទុក្នុង Premier League លើគូប្រជែងរួមត្រកូល។
ការប្រកួតនៅកីឡដ្ឋាន Etihad យប់ថ្ងៃពុធទី១០ខែមីនាឆ្នាំ២០២១ Man City បាននាំមុខមុនក្នុងនាទីទី១៥ ដោយ Kevin De Bruyne តែត្រូវបានតាមស្មើដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ James Ward-Prowse ក្នុងនាទី២៥។
Riyad Mahrez ស្ដារការនាំមុខរបស់ក្រុមមេឃខៀវក្នុងនាទី៤០ រួចហើយមុនសម្រាកវគ្គទី១ Ilkay Gundogan បង្កើនគម្លាតនាំមុខសម្រាប់ក្រុមលោក Pep Guardiola ៣-១ ក្នុងនាទី៤៥+៣។
ក្រោយចាប់ផ្ដើមវគ្គទី២បាន១០នាទី Mahrez ថែម១គ្រាប់ទៀតឱ្យ Man City។ ១នាទីបន្ទាប់ ការនាំមុខរបស់ Man City ត្រូវបានបន្ថយមក៤-២ ដោយគ្រាប់បាល់របស់ Che Adams។ ប៉ុន្តែអ្វីៗត្រូវបានធានាក្នុងនាទី៥៩ ដោយគ្រាប់បាល់របស់ De Bruyne។
តាំងពី លោក Pep Guardiola ចូលដឹកនាំ Man City ក្នុងរដូវកាល២០១៦-១៧មក Man City រកបានគ្រាប់បាល់៥គ្រាប់ឡើងក្នុងមួយ១ប្រកួត ចំនួន២៣ដងក្នុង Premier League គឺច្រើនដងជាងក្រុមណាៗទាំងអស់។ Liverpool និង Tottenham ធ្វើបាន១១ដងម្នាក់តាំងពីរដូវកាលនោះមកទល់ពេលនេះ។
តាមការគត់សម្គាល់ Man City តែងតែឈ្នះវិញភ្លាមនៅប្រកួតបន្ទាប់លើទឹកដីខ្លួនឯង ក្រោយចាញ់ក្នុងផ្ទះនៅកីឡដ្ឋាន Etihad ៩ដងចុងក្រោយក្នុងក្របខណ្ឌ Premier League។
គ្រាប់ប៉េណាល់ទីរបស់ Ward-Prowse ជាការពិន័យប៉េណាល់ទីទី៦ដែល Man City បានបង្កកំហុសក្នុងទឹកដីខ្លួនឯងរដូវកាលនេះ ធ្វើឱ្យពួកគេក្លាយជាក្រុមទី៣ក្នុងប្រវត្តិសាស្ត្រ Premier League ដែលបង្កកំហុសឱ្យគូបដិបក្ខទទួលបានបាល់ពិន័យ១១ម៉ែត្រនៅទឹកដីខ្លួនឯង៦ដងក្នុង១រដូវកាល បន្ទាប់ពី Newcastle ក្នុងរដូវកាល២០០៤-២០០៥ និង Brighton ក្នុងរដូវកាល២០១៨-១៩។
Kevin de Bruyne ពាក់ព័ន្ធដោយផ្ទាល់ក្នុងគ្រាប់បាល់ទល់នឹង Southampton សម្រាប់ Man City ក្នុងក្របខណ្ឌ Premier League ច្រើនជាងទល់នឹងក្រុមដទៃ (១១គ្រាប់ ដោយ ស៊ុត៤គ្រាប់, បញ្ជូន៧គ្រាប់)
Riyad Mahrez ក្លាយជាកីឡាករទី៧ក្នុង Premier League ដែលរកបានគ្រាប់បាល់ដោយប្រើជើងឆ្វេងបានចាប់ពី៥០គ្រាប់ឡើង បន្ទាប់ពី Robbie Fowler, Robin Van Persie, Ryan Giggs, Mohamed Salah, Romelu Lukaku និង Olivier Giroud។
Ilkay Gundogan ស្ថិតក្នុងចំណោមកីឡាករ៤នាក់ក្នុងលីគធំបំផុតទាំង៥នៅអឺរ៉ុបដែលរកបានគ្រាប់បាល់២ខ្ទង់ក្នុងឆ្នាំ២០២១នេះ (១០គ្រាប់) បន្ទាប់ពី Robert Lewandowski របស់ Bayern Munich (១៤គ្រាប់), Lionel Messi របស់ Barcelona (១២គ្រាប់) និង Andre Silva របស់ Frankfurt (១០គ្រាប់)។
Southampton បានរបូតគ្រាប់បាល់ចាប់ពី៥គ្រាប់ឡើងក្នុងមួយប្រកួតនៅ Premier League ចំនួន១៨ដងហើយ មានតែ Newcastle United ប៉ុណ្ណោះដែលរបូតច្រើនជាងនេះ គឺ២១ប្រកួត៕