Manchester United ត្រូវបានរាយការណ៍ថា បានបញ្ចូលលក្ខខណ្ឌដ៏ចម្រូងចម្រាស់ក្នុងការលក់ខ្សែប្រយុទ្ធ Mason Greenwood ទៅឱ្យក្លឹប Marseille កាលពីសប្ដាហ៍មុន ក្នុងតម្លៃ២៧លានផោន ហើយចុះកុងត្រាជាមួយក្លឹបបារាំង រហូតដល់ឆ្នាំ២០២៩។
ក្លឹប Maseille បានចំណាយ២០លានផោន លើតម្លៃគោលនិង៧លានផោន លើថ្លៃលក្ខខណ្ឌផ្សេងៗ។ យោងតាមប្រភពពី The Telegraph បានឱ្យដឹងថា Man Utd នឹងទទួលបាន៥០ភាគរយពីថ្លៃលក់ Greenwood នាពេលអនាគត ហើយក៏មានបញ្ចូលលក្ខខណ្ឌទិញត្រលប់ផងដែរ។
លក្ខខណ្ឌចុងក្រោយដែលបានកំណត់ មានន័យថា កីឡាករវ័យ២២ឆ្នាំ អាចនឹងមានលទ្ធភាពក្នុងការត្រលប់ទៅកាន់ទឹកដី Old Trafford។ ជម្រើសទិញត្រលប់(buy-back) ជាលក្ខខណ្ឌដែលជាទូទៅពាក់ព័ន្ធនឹងការដោះដូរពាក់ព័ន្ធកីឡាករដែលដុះដាលចេញពីថ្នាលយុវជន ប៉ុន្ដែគេមិនរំពឹងថា Greenwood គួរតែត្រលប់ទៅកាន់ក្លឹបចាស់របស់គេវិញទេ។