ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសមិនគាំទ្រ និងអនុញ្ញាតឲ្យរៀបចំការប្រកួតពានរង្វាន់ពិភពលោក World Cup Kabaddi នៅរាជធានីភ្នំពេញ ដែលគ្រោងរៀបចំនាថ្ងៃទី២០-២៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខឡើយ ព្រោះជាការប្រកួតខុសច្បាប់ ។
នេះបើយោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា បាននៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយក្រសួងបានឆ្លើយតបនឹងលិខិតអញ្ជើញលេខ wcx/003 ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់លោក S.T .Arsu អគ្គលេខាធិការ Wolrd Cup Kabaddi ។
យោងតាមសេចក្ដីជូនដំណឹងខាងលើ បានបញ្ជាក់ថា ក្រសួងមិនទាន់បានទទួលការស្នើសុំរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកម្រិតពិភពលោក ប្រភេទកីឡា Kabaddi ខាងលើនោះទេ ដូច្នេះសូមលោកអគ្គលេខាធិការ ជម្រាបថា៖
១. ក្រសួងមិនគាំទ្រ និងអនុញ្ញាតឲ្យមានការរៀបចំការប្រកួត World Cup Kabaddi នៅកម្ពុជាទេ ពីព្រោះប្រភេទកីឡានេះ មិនទាន់បង្កើតសហព័ន្ធកីឡាជាតិជាផ្លូវការនៅឡើយ ។
២. បើមិនទាន់មានសហព័ន្ធកីឡាជាតិទេ ការធ្វើសកម្មភាពកីឡាណាមួយនៅកម្ពុជា គឺជាអំពើខុសច្បាប់ ។
៣. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏មិនគាំទ្រការរៀបចំការប្រកួតនេះដែរ ។
៤. រាជរដ្ឋាភិបាល ក៏មិនទាន់បានអនុញ្ញាតឲ្យរៀបចំការប្រកួតនៅឡើយ ដូចនេះ ការត្រៀមរៀបចំការប្រកួតខាងលើ មិនស្របច្បាប់ទេ។
បើតាមឯកសារ Kabaddi គឺជាប្រភេទប៉ះទង្គិចគ្នា Contact Sport ដែលកើតឡើងនៅប្រទេសឥណ្ឌា តាំងពីសម័យដែលគេហៅថា ឥណ្ឌាបុរាណ ពោលតាំងពីមុនគ្រឹស្ដសករាជម្ល៉េះ។ ដល់ឆ្នាំ២០០៤ ព្រឹត្តិការណ៍ Kabaddi World Cup ក៏ត្រូវបានបង្កើតឡើង។ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ី ឬ Asian Games បានបញ្ចូលប្រភេទកីឡានេះក្នុងឆ្នាំ ១៩៥១ និងម្ដងទៀតក្នុងឆ្នាំ១៩៨២ ដែលជាប្រភេទសម្ដែង ឬ បង្ហាញ ឬភាសាអង់គ្លេសហៅថា Demonstration Sports។ ក្រៅពីនេះក៏នៅមានការប្រកួតអន្តរជាតិផ្សេងៗទៀត ទាំងកម្រិតឧបទ្វីប និងយុវជនទៀតផង៕