អ្នកចាត់ការ Fenerbahce លោក Jose Mourinho បានទម្លាយឱ្យដឹងនូវចំណុចមិនល្អមួយរបស់ខ្សែប្រយុទ្ធ Victor Osimhen ប៉ុន្ដែលោកបានអះអាងថា ពុំមានភាពល្អក់កករក្នុងទំនាក់ទំនងរវាងអ្នកទាំងពីរនោះទេ។
លោក Mourinho និង Osimhen បានចូលរួមការងារបាល់ទាត់ក្នុងប្រទេសតួកគី តែនៅក្នុងក្រុមគូប្រជែងដ៏តានតឹងបំផុតមួយក្នុងបាល់ទាត់អឺរ៉ុប។ គ្រូបង្វឹកដែលធ្លាប់ឈ្នះជើងឯក UEFA Champions League ពីរលើក បច្ចុប្បន្នជាអ្នកចាត់ការរបស់ក្លឹប Fenerbahce ខណៈខ្សែប្រយុទ្ធជម្រើសជាតិនីហ្សេរីយ៉ា បានចូលរួម Galatasaray ក្រោមកិច្ចសន្យាខ្ចីពី Napoli កាលពីថ្ងៃទី៤ ខែកញ្ញា។
មុនសម្រេចចិត្តផ្លាស់មកក្លឹបតួកគី Osimhen បានដើរតួយ៉ាងសំខាន់ក្នុងក្រុម Napoli ដោយរកគ្រាប់បាល់៥៥គ្រាប់សម្រាប់ពួកគេក្នុង៣រដូវកាលចុងក្រោយ ហើយជួយពួកគេឈ្នះជើងឯក Serie A ក្នុងរដូវកាល ២០២២-២៣។
ទោះយ៉ាងណាក្ដី Osimhen មានបញ្ហាជាមួយអ្នកចាត់ការថ្មីរបស់ Napoli លោក Antonio Conte ហើយសូម្បីតែអាចលេខ៩របស់គេ ក៏ត្រូវបានផ្ដល់ឱ្យសមាជិកថ្មី Romelu Lukaku ដែរ។
ក្លឹបអង់គ្លេស Chelsea និងក្លឹបនៃក្របខណ្ឌកំពូលអារ៉ាប៊ី សាអ៊ូឌីត Al-Ahli បានខិតកៀកក្នុងការចុះហត្ថលេខាផ្ទេរ Osimhen មុនបិទទីផ្សាររដូវក្ដៅ ប៉ុន្ដែការផ្ទេរបានបរាជ័យ។
ដូច្នេះហើយទើប Osimhen សម្រេចចិត្តចូលរួមក្លឹបជើងឯកលីគកំពូលតួកគី២៤សម័យ Galatasaray។ លោក Mourinho ទំនងជាត្រូវរៀបចំយុទ្ធសាស្ត្រ បិទខ្សែប្រយុទ្ធរូបនេះ ពេលក្រុមអ្នកទាំងពីរជួបគ្នា ក្នុងការប្រកួតនាថ្ងៃទី២១ ខែកញ្ញា។
មុនការប្រកួតមកដល់ លោក Mourinho បានលើកយកចំណុចមួយដែលលោកមិនចូលចិត្ត ចំពោះការលេងរបស់ Osimhen។ ក្នុងសម្ភាសន៍របស់ HT Spor អតីតអ្នកចាត់ការក្លឹប Roma បាននិយាយថា៖ “ខ្ញុំមិនមានបញ្ហាជាមួយ Victor ទេ។ តាមពិតទៅយើងមានទំនាក់ទំនងល្អជាមួយគ្នា។ ប៉ុន្ដែពេលដែលក្រុមខ្ញុំលេងតទល់ជាមួយគេ ខ្ញុំបាននិយាយជាមួយគេ ព្រោះខ្ញុំមិនចូលចិត្តទង្វើរបស់គេឡើយ។ គេធ្វើពុតជាដួលច្រើនពេក”។
“ខ្ញុំបានប្រាប់គេថា មើលចុះ អ្នកជាម្នាក់ក្នុងចំណោមកីឡាករអាហ្វ្រិកល្អបំផុត២រូប គឺអ្នក និង Mo Salah។ កន្លងមកមាន Didier Drogba, Samuel Eto’o, George Weah។ អ្នកមិនអាចធ្វើទង្វើនេះទេ។ គេធ្វើដួលច្រើនពេកហើយ។ នោះជាបញ្ហារបស់ខ្ញុំជាមួយគេ”។
“ប៉ុន្ដែ១០នាទីក្រោយមក ពួកគេមិនមានបញ្ហាអ្វីឡើយ។ យើងមានទំនាក់ទំនងល្អ ហើយវាពិតជាអស្ចារ្យ សម្រាប់លីគតួកគី និងសម្រាប់ Galatasaray”។
Osimhen អាចនឹងបង្ហាញខ្លួនលើកដំបូងសម្រាប់ Galatasaray នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ពេលពួកគេប្រកួតទល់ Rizespor ខណៈក្រុម Fenerbahce ដឹកនាំដោយលោក Mourinho នឹងជួប Kasimpasa នាថ្ងៃអាទិត្យ៕