ក្រោយការពារក្រុមវិទ្យាល័យខ្លួនបាន២ប្រកួតដោយមិនទាន់របូតគ្រាប់បាល់ក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤ ឆ្នាំ២០២៤ កីឡាករ ជី សម្ភ័ស ខ្សែការពារវិទ្យាល័យជ័យវរ្ម័នទី៧ បានបង្ហាញភាពរីករាយដែលបានជួយក្រុមបានលទ្ធផលគាប់ប្រសើរក្នុងរយៈពេលពីរប្រកួតនេះ។ លើសពីនេះ យុវជនអាយុ១៩ឆ្នាំដដែលក៏បានរំលេចអំពីរបៀបលេងក្នុងការរារាំងខ្សែប្រយុទ្ធមិនឱ្យរកគ្រាប់បាល់ គឺជាការយកអស់ៗ ការស្លាយចំៗបាល់ដោយមិនមានការពិន័យនោះ គេអះអាងថាបានពីការរៀនមើលពីខ្សែការពាររបស់ក្លឹបបឹងកេតកីឡាករ តាំង ប៊ុនឆៃ។
ខ្សែការពារពាក់លេខ៤ប្រចាំក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ខាងលើក៏បន្ថែមទៀតថាគេតែងតែស្វ័យសិក្សាពីរបៀបស្លាយយកបាល់នេះតាមរយៈការទៅមើលការប្រកួតផ្ទាល់ និងតាមរយៈវីដេអូលើអ៊ីនធឺណិតរបស់ម្ចាស់អាវលេខ២៣ប្រចាំក្រុមនាគខៀវបឹងកេតមកជារឿយៗ។ មួយវិញទៀតទម្រាំបានស្ទាត់ទៅបានដូចបច្ចុប្បន្ន សម្ភ័ស ក៏សារភាពថាដំបូងៗធ្លាប់រលៀកកំភ្លៅខ្លះៗ តែដោយសារតែភាពព្យាយាម និងអនុវត្តជាប្រចាំទើបចេះចាំស្ទាត់កាត់បន្ថយពីការរលៀកកំភ្លៅរបស់ខ្លួននោះ។
ជី សម្ភ័ស ក្នុងនាមជាកីឡាករលេងតំណែងជាខ្សែការពារកណ្តាលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសំណាញ់ទីមិនឱ្យគូប្រកួតស៊ុតបញ្ជូលទីបានពីរសប្តាហ៍ជាប់គ្នាហើយសម្រាប់ពានរង្វាន់ AIA ជើងឯងរដូវកាលថ្មីនេះ ពោលពីរប្រកួតស្មើគ្នា ០ទល់នឹង០ តទល់នឹងក្រុមវិទ្យាល័យជាស៊ីមសសាមគ្គី និងក្រុមជើងឯកឆ្នាំចាស់វិទ្យាល័យឥន្រ្ទទេវី៕