អ្នកចាត់ការ Arsenal លោក Mikel Arteta និយាយថា លោកមានការខ្វាយខ្វល់ជាខ្លាំង ចំពោះអវត្តមានកីឡាករសំខាន់ៗជាច្រើនរូប មុនពេលការប្រកួត North London Derby ទល់ Tottenham Hotspur ក្នុងក្របខណ្ឌ Premier League ប៉ុន្ដែលោកបានកោតសរសើរកូនក្រុមដែលអាចយកបាន៣ពិន្ទុពីការប្រកួតនោះ។
ក្រុមកាំភ្លើងធំ បានអវត្តមានខ្សែបម្រើការពារ Declan Rice ដែលជាប់បម្រាម ខណៈប្រធានក្រុម Martin Odegaard និង ខ្សែការពារចំណូលថ្មី Riccardo Calafiori បានរងរបួស ពេលពួកគេបំពេញភារកិច្ចសម្រាប់ក្រុមជម្រើសជាតិ។
ដូច្នេះហើយទើបបានលោក Arteta មានក្ដីបារម្ភ មុនការប្រកួតនាកីឡដ្ឋាន Tottenham Hotspur មុនពេលដែលខ្សែការពារ Gabriel តែតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះ ក្នុងវគ្គទី២ ធានាឱ្យពួកគេឈ្នះ ១-០ និងបន្ថយគម្លាតពីក្រុមកំពូលតារាង Manchester City ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ឬស្មើ ក្នុង៤ប្រកួតដំបូងនៅ Premier League រដូវកាលនេះ។