ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះ Arsenal ដោយលទ្ធផល ២-០ នៅ Premier League កាលពីរាត្រីថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០២០។
ខ្សែប្រយុទ្ធ Son Heung-Min និង Harry Kane បញ្ជូនបាល់ឱ្យគ្នាស៊ុតម្នាក់ម្ដងក្នុងការប្រកួតនោះ ដោយកីឡាករកូរ៉េខាងត្បូងស៊ុតបញ្ចូលទីនៅនាទីទី១៣ ហើយខ្សែប្រយុទ្ធអង់គ្លេសស៊ុតចូលគ្រាប់ទី២ នៅនាទី ៤៥+១។
នៅក្នុងការប្រកួតដ៏ស្វិតស្វាញមួយនេះ បានបង្កើតជាកំណត់ត្រាពិសេសៗ៨ រួមមាន៖
- Spurs ទទួលបានជ័យជម្នះ២ប្រកួតជាប់គ្នានៅ Premier League សម្រាប់ការប្រកួត Derby ភាគឧត្តរឡុងដុង ជាលើកទី៣ បន្ទាប់ពីខែធ្នូឆ្នាំ ១៩៩២ ដល់ ខែឧសភាឆ្នាំ ១៩៩៣ និង ខែមេសា ឆ្នាំ ២០១០ ដល់ខែវិច្ឆិកា ឆ្នាំ២០១០។
- លោក Mikel Arteta ជាអ្នកចាត់ការ Arsenal ទី២ដែលបរាជ័យ២ប្រកួតដំបូង ក្នុងជំនួប Derby ភាគឧត្តរឡុងដុង បន្ទាប់ពីលោក Bertie Mee នៅរដូវកាល ១៩៦៦/៦៧។
- អ្នកចាត់ការក្លិប Tottenham លោក Jose Mourinho ដឹកនាំការប្រកួតមិនបរាជ័យនៅក្នុងទឹកដី ទល់នឹង Arsenal ច្រើនជាងក្រុមណាៗទាំងអស់គ្រប់ពានរង្វាន់ ក្នុងចំណោម១១ប្រកួតក្រុមរបស់លោក ឈ្នះ៧ និង ស្មើ៤។
- Arsenal ទទួលបានតែ១៣ពិន្ទុប៉ុណ្ណោះ សម្រាប់ការប្រកួតក្នុងលីគរដូវកាលនេះ ជាការចាប់ផ្ដើមរដូវកាលដែលទទួលបានពិន្ទុតិចបំផុត ក្រោយបាន១១ប្រកួត ចាប់តាំងពីរដូវកាល ១៩៨១/៨២ មក ដែលកាលនោះពួកគេទទួលបានតែ១២ពិន្ទុប៉ុណ្ណោះ។
- នេះជាលើកទី១១ដែល ក្រុមរបស់លោក Mourinho គ្រប់គ្រងបាល់ ៣៥ភាគរយ ឬទាបជាងនេះនៅ Premier League ហើយក្នុងចំណោម១១ប្រកួតនោះ ទទួលបានជ័យជម្នះ ៩លើក ស្មើ១លើក និង ចាញ់១លើក។
- Harry Kane រកគ្រាប់បាល់បាន២៥០គ្រាប់ហើយឱ្យក្លិប និង ក្រុមជម្រើសជាតិ – ២០២គ្រាប់សម្រាប់ Spurs ៣២គ្រាប់សម្រាប់អង់គ្លេស ៩គ្រាប់សម្រាប់ Millwall ៥គ្រាប់សម្រាប់ Leyton Orient និង ២គ្រាប់ទៀតសម្រាប់ Leicester City។
- បច្ចុប្បន្ន Kane រកគ្រាប់បាល់បានសរុប ១១គ្រាប់ក្នុងការប្រកួតទល់នឹងគូប្រជែងនៅទីក្រុងឡុងដុង ដែលច្រើនជាងកីឡាករណាៗទាំងអស់ និងមានគ្រាប់បាល់នាំមុខ អតីតកីឡាករ Emmanuel Adebayor និង Bobby Smith ដែលធ្លាប់រកបាន១០គ្រាប់។
- Kane បញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន១០គ្រាប់ សម្រាប់ការបង្ហាញខ្លួនលើទីលាន១១ប្រកួតដំបូងនៅ Premier League រដូវកាលនេះ ដែលស្មើនឹងកំណត់ត្រាធ្លាប់ធ្វើបានដោយ Mesut Ozil សម្រាប់ Arsenal នៅរដូវកាល ២០១៥-១៦។