គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី លោក Shin Tae-yong នៅតែមានសុទិដ្ឋិនិយម ចំពោះលទ្ធភាពក្រុមរបស់លោក ក្នុងការទទួលបានឱកាសឆ្លងផុតវគ្គជម្រុះ FIFA World Cup 2026 បើទោះបីជារងបរាជ័យ ២-១ ទល់ចិនក៏ដោយ ក្នុងប្រកួតជុំទី៣នៃវគ្គជម្រុះទ្វីបអាស៊ី កាលពីថ្ងៃអង្គារម្សិលមិញនេះ។
ក្រុមម្ចាស់ផ្ទះចិន មានឱកាសរកគ្រាប់បាល់នាំមុខពីរគ្រាប់ក្នុងវគ្គទី១ រកបានដោយខ្សែប្រយុទ្ធ Behram Abduweli ក្នុងនាទីទី២១ និង Zhang Yuning ក្នុងនាទីទី៤៤ មុនពេលឥណ្ឌូណេស៊ី តាមបានមួយគ្រាប់វិញ ក្នុងនាទីទី៨៦ ពីគ្រាប់បាល់របស់ Thom Haye។
នេះជាបរាជ័យដំបូងរបស់ឥណ្ឌូណេស៊ី ក្នុងប្រកួតជម្រុះ World Cup ទ្វីបអាស៊ីជុំទី៣ ក្រោយពួកគេស្មើ៣ប្រកួតដំបូង ទល់អារ៉ាប៊ី សាអ៊ូឌីត អូស្ត្រាលី និងបារ៉ែន ហើយបរាជ័យនេះ អាចជាក្ដីបារម្ភសម្រាប់អ្នកគាំទ្របាល់ទាត់ឥណ្ឌូណេស៊ី ចំពោះការឆ្លងទៅជុំបន្ទាប់។ ទោះយ៉ាងណាក្ដី គ្រូបង្គោលក្រុមជម្រើសជាតិឥណ្ឌូណេស៊ី លោក Shin ថាក្រុមរបស់លោកពុំទាន់អស់សង្ឃឹមនោះទេ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួត គ្រូបង្គោលជនជាតិកូរ៉េខាងត្បូង បាននិយាយថា៖ “ទោះបីជាយើងចាញ់ តែវាមិនទាន់ត្រូវបានបញ្ចប់នោះទេ។ យើងនឹងត្រៀមខ្លួនឱ្យបានប្រសើរសម្រាប់ប្រកួតបន្ទាប់ ហើយមានគោលដៅបង្ហាញការលេងឱ្យកាន់តែប្រសើរជាងនេះ”។