Lewandowski រកបានលើស២៥០គ្រាប់ក្នុង Bundesliga ក្រោយថែម២គ្រាប់ទៀតយប់មិញ

Monghak Yong
15 មើល
0 នាទីអាន
- Advertisement -

ខ្សែប្រយុទ្ធកណ្ដាលដ៏ឆ្នើមវ័យ៣២ឆ្នាំ Robert Lewandowski រកបាន២គ្រាប់ទៀតយប់មិញ ដែលនាំឱ្យគ្រាប់បាល់សរុបរបស់គេក្នុងក្របខ័ណ្ឌ Bundesliga ពេលនេះកើនដល់២៥១គ្រាប់។

តារាជម្រើសជាតិប៉ូឡូញរូបនេះក្លាយជាកីឡាករទី៣ក្នុងប្រវត្តិសាស្ត្រលីគកំពូលអាល្លឺម៉ង់ដែលរកបានគ្រាប់បាល់ចាប់ពី២៥០គ្រាប់ឡើង បន្ទាប់ពីលោក Gerd Muller និង Klaus Fischer។

គ្រាប់បាល់ទាំង២ខាងលើ កើតឡើងក្នុងនាទី៤៥+១ ដោយការតែត និងនាទី៥០ ជួយ Bayern Munich វាយបកឈ្នះ២-១លើភ្ញៀវ Wolfsburg ដែលនាំមុខមុនតាំងពីនាទីទី៥ដោយកីឡាករ Maximilian Philipp ក្នុងការប្រកួតរាត្រីថ្ងៃពុធទី១៦ខែធ្នូឆ្នាំ២០២០។

បើគិតក្នុងរដូវកាល២០២០-២១នេះ ឥឡូវ Lewandowski រកបាន១៨គ្រាប់ហើយក្នុងគ្រប់ពានរង្វាន់សម្រាប់ Bayern។ បើគិតតាំងពីដើមរដូវកាល២០១៩-២០មកទល់ពេលនេះ អតីតសមាជិក Legia Warsaw II, Znicz Pruszkow, Lech Poznan និង Dortmund ខាងលើ រកបាន៧៣គ្រាប់ក្នុងការប្រកួតពានផ្លូវការចំនួន៦៤លើកសម្រាប់ Bayern។

Bayern កំពុងឈរលេខរៀងទី២ក្នុងតារាង Bundesliga មាន២៧ពិន្ទុពី១២ប្រកួត ស្មើក្រុមលេខ៣ RB Leipzig និងនៅក្រោមក្រុមកំពូលតារាង Bayer Leverkusen ចំនួន១ពិន្ទុ។ ចំណែក Dortmund លេខ៤ មាន២២ពិន្ទុ៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕