អតីតខ្សែការពារ Raphael Varane បានបញ្ជាក់អំពីមូលហេតុដែលគេ សម្រេចចិត្តចាកចេញពី Manchester United មួយរយៈក្រោយប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់។
Varane ត្រូវបានចាត់ទុកថាជាកីឡាករបាល់ទាត់ដ៏ជោគជ័យបំផុតមួយរូប ដោយគេឈ្នះពានរង្វាន់ជាច្រើន ពេលលេងឱ្យក្លឹប Real Madrid រួមមាន UEFA Champions League ៤លើក ហើយគេក៏ជាសមាជិកដែលជួយក្រុមជម្រើសជាតិបារាំង គ្រងជើងឯក FIFA World Cup 2018 មុនឡើងដល់វគ្គផ្ដាច់ព្រ័ត្រជាថ្មី ក្នុងឆ្នាំ២០២២ តែបរាជ័យក្រោមថ្វីជើងរបស់អាហ្សង់ទីនដោយបាល់១១ម៉ែត្រកាត់សេចក្ដី។
ក្រោយចាយពេល៣រដូវកាលនៅ Old Trafford ខ្សែការពារបារាំង បានសម្រេចចិត្តចាកចេញពីក្លឹបអង់គ្លេស នាដំណាច់រដូវកាល ២០២៣-២៤ បន្ទាប់ពីកុងត្រារបស់គេផុតសុពលភាព ។ ទោះបីជាមានការភ្ជាប់ជាមួយក្លឹបមួយចំនួន តែកីឡាករវ័យ៣១ឆ្នាំ បានសម្រេចចិត្តចូលរួមក្រុមទើបតែប្រូម៉ូតមកកាន់ Serie A ថ្មីថ្មោង Como ដែលមានលោក Cesc Fabregas ជាអ្នកចាត់ការនៅទីនោះ។
ពេលវេលារបស់ Varane នៅ Como ត្រូវបានបញ្ចប់ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីគេបានរងរបួសធ្ងន់ធ្ងរ ក្រោយបង្ហាញខ្លួនក្នុងប្រកួតដំបូងបានតែ២៣នាទីប៉ុណ្ណោះ ហើយក្រោយមកគេបានប្រកាសចូលនិវត្តន៍ក្នុងវ័យ៣១ឆ្នាំ។ មុនឈានដល់ការចូលរួមក្លឹបនៅអ៊ីតាលី Varane ដំបូងឡើយ ធ្លាប់មានគម្រោងបញ្ចប់អាជីពនៅ Man United តែអ្វីៗខុសការគ្រោងទុក។