ព្រះនាង នរោត្តម អម្រិតា កីឡាការិនីជម្រើសជាតិជិះសេះកម្ពុជាមានបន្ទូលក្រោយបញ្ចប់ការប្រកួតជិះសេះវិញ្ញាសាលោតផ្លោះរបារជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ ដោយទ្រង់បានបង្ហាញព្រះទ័យរីករាយដោយបានទទួលបានចំណាត់ថ្នាក់លេខ២សម្រាប់ការប្រកួតវិញ្ញាសា ១២០ សង់ទីម៉ែត្រនេះ។
តាមរយៈបទពិសោធជោកជាំជាមួយការប្រកួតជាច្រើនមិនថាកម្រិតថ្នាក់ជាតិ និងអន្តរជាតិកន្លងមក បុត្រីអ្នកអង្គម្ចាស់នរោត្តម ណាន់ ដាទេវី បានតាំងព្រះទ័យជាខ្លាំងថានឹងដណ្តើមមេដាយឱ្យបានសម្រាប់ការប្រកួត Princess’s Cup ២០២៤ លើកនេះ។ នេះក៏ព្រោះតែព្រះនាង ទទួលបានការបំពាក់បំប៉ននៅបច្ចេកទេសថ្មីៗជាច្រើនជាមួយគ្រូបង្វឹកកម្រិតអន្តរជាតិ។
សម្រាប់ការប្រកួត Princess’s Cup ២០២៤ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះនឹងបញ្ចូលអត្តពលិកចំនួន ២រូបទៅចូលរួមក្នុងនោះរួមមាន ព្រះនាង នរោត្តម អម្រិតា និង កីឡាករ គិរី ចាន់តុលា។ សម្រាប់ការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី ៩ ដល់ទី ១៥ ខែធ្នូ ឆ្នាំ២០២៤ នៅប៉ាតាយ៉ា ប្រទេសថៃ៕