ក្រោយរងបរាជ័យក្រោមថ្វីជើងក្រុមវិទ្យាល័យ ប្ញស្សីកែវ ក្នុងលទ្ធផល ២ទល់នឹង០ សម្រាប់ វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រជើងទី១ក៏ពិតមែន លោក ផល សុវណ្ណៈ គ្រូបង្គោលក្រុមបាល់ទាត់វិទ្យាល័យ ជាស៊ីម សាមគ្គី បានថាលោកនៅតែមានក្តីរំពឹងលើកូនក្រុមលោកនឹងអាចឆ្លងផុតវគ្គនេះ ដោយការយកឈ្នះត្រឡប់មកវិញក្នុងជើងទីពីរ។
គ្រូកាន់សញ្ញាប័ត្របាល់ទាត់កម្រិត “ ឃ ” ដដែលបានមើលឃើញពីចំណុចខ្វះខាតរបស់កូនក្រុមក្នុងប្រកួតជើងទីមួយនេះ ហើយលោកនឹងប្រឹងប្រែងដុសខាត់កូនក្រុមបន្តទៀត កែប្រែរបៀបលេងនៅតាមតំបន់នីមួយៗ ដោយលោកប្តេជ្ញាខ្ពស់ថានឹងប្រឹងឱ្យអស់ពីលទ្ធភាពសម្រាប់ការប្រកួតនៅថ្ងៃពុធនេះ។
សូមបញ្ជាក់ថា ក្រុមវិទ្យាល័យជាស៊ីមសាមគ្គីបានប្រកួតចាញ់ក្រុមវិទ្យាល័យប្ញស្សីកែវក្នុងជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AIA ជើងឯកវិទ្យាល័យក្នុងលទ្ធផល ២ទល់នឹង០ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នាទីលានវិទ្យាល័យបឹងត្របែក។ សម្រាប់ជើងទី២ក្រុមទាំងពីរនឹងប៉ះគ្នាសាជាថ្មីនៅទី១១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីកាត់សេចក្តីចុងក្រោយរកកៅអីទៅវគ្គផ្តាច់ព្រ័ត្រសម្រាប់រដូវកាលទី៤នេះ៕