ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរ លើកទី៨ ឬ Angkor Ultra Trail 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែមករា នៅខេត្តសៀមរាប។
ឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ប្រណាំងជាលក្ខណៈអន្តរជាតិនេះនឹងរួមចំណែកសំខាន់ក្នុងការជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ផ្សព្វផ្សាយ និងលើកកម្ពស់តំបន់អង្គរបេតិកភណ្ឌពិភពលោក, ជំរុញការផ្សព្វផ្សាយ និងទាក់ទាញទេសចរ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ និងគម្រោងមនុស្សធម៌។
ជាក់ស្ដែងសម្រាប់អ្នកចូលរួមដែលបានចុះឈ្មោះគិតត្រឹមថ្ងៃទី០៥ ខែមករា មាន១៣៦៨នាក់ មកពី៤៤ប្រទេស ខណៈគណៈកម្មការរៀបចំរំពឹងថា នឹងមានអ្នកចូលរួមសរុបខ្ទង់១៧០០នាក់។ វិញ្ញាសាប្រកួតមាន ១០០គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ១៨គីឡូម៉ែត្រ និង និង៨គីឡូម៉ែត្រ។ អ្វីគួរកត់សម្គាល់ថែមទៀតនោះ គឺវិញ្ញាសា១០០គីឡូម៉ែត្រ មានអ្នករត់ជាជនជាតិខ្មែរ២៥ភាគរយ ដែលក្នុងនោះមានស្ត្រីចំនួន៥រូប។
ព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៦ ហើយចំនួនអ្នកចូលរួមមកពីក្រៅប្រទេសកើនឡើងជាបន្តបន្ទាប់ ចាប់ពីជាង២០០នាក់ដល់ជាង១០០០នាក់នាពេលបច្ចុប្បន្ន។ តួលេខនេះបានបង្ហាញថា កម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និង សុវត្ថិភាពពេញលេញ ព្រោះអាចរត់ប្រណាំងកាត់ព្រៃ និងចុងកាត់មាត់ញក ទាំងយប់ ដោយមិនបារម្ភ។ អ្នកចូលរួមកាន់តែច្រើន និងពីប្រទេសកាន់តែច្រើនក៏អាចផ្សព្វផ្សាយបានពីតំបន់ទេសចរណ៍នានានៅកម្ពុជា។
លោក Edouard George ប្រធានស្ថាប័នរៀបចំសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរ ត្រូវបានទទួលស្គាល់ពីសហព័ន្ធ Ultra Trail អន្តរជាតិ ដូច្នេះអ្នកចូលរួមរត់ព្រឹត្តិការណ៍នៅកម្ពុជានឹងមានពិន្ទុក្នុងស្ថាប័នអន្តរជាតិ។ នេះក៏ជាការជំរុញព្រឹត្តិការណ៍នៅកម្ពុជាកាន់តែទាក់ទាញបានអ្នកចូលរួមច្រើនឡើង។
ជុំវិញគោលបំណងនៃការរៀបចំ លោក Eduard បន្ថែមថា ថវិកាបានមកពីការចូលរួមដោយអ្នកចូលរួម និងអ្នកឧបត្ថម្ភ នឹងត្រូវបានធ្វើជាមូលនិធិសម្រាប់គម្រោងទឹកស្អាតដល់សាលារៀន និងភូមិមួយក្នុងខេត្តសៀមរាប៕