ឆ្នាំ២០២៤ បានកន្លងផុតទៅ ហើយឆ្នាំ២០២៥ ក៏ឈានចូលមកដល់ ខណៈខ្សែប្រយុទ្ធ Viktor Gyokeres ជាកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុតក្នុងឆ្នាំ២០២៤។ តារាឆ្នើមវ័យ២៦ឆ្នាំ បានបង្ហាញសមត្ថភាពយ៉ាងល្អ ទាំងសម្រាប់ក្លឹប និងក្រុមជម្រើសជាតិ ដោយគេរកគ្រាប់បាល់បានសរុប៦២គ្រាប់ ឱ្យ Sporting Lisbon និងក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត។
Gyokeres ដែលរកបានហេតទ្រីគក្នុងប្រកួត UEFA Champions League ទល់ Manchester City នាំមុខតារាឆ្នើមរបស់ក្រុមមេឃខៀវ Erling Haaland ១៣គ្រាប់ និងនាំមុខប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane ១៦គ្រាប់។
Gyokeres ជាកីឡាករចុងក្រោយបង្អស់ដែលអាចរកគ្រាប់បាល់លើសពី៦០គ្រាប់ក្នុងមួយឆ្នាំ គិតចាប់តាំងពីពេល Robert Lewandowski ធ្លាប់ធ្វើបាន ក្នុងឆ្នាំ២០២១។ កំណត់ត្រា៩១គ្រាប់ក្នុងមួយរដូវកាលរបស់ Lionel Messi នាឆ្នាំ២០១២ នៅពុំទាន់មានកីឡាកររូបណាអាចបំបែកបាននៅឡើយទេ ខណៈ Cristiano Ronaldo ធ្លាប់ឈរជើងជាអ្នករកគ្រាប់បានច្រើនបំផុតប្រចាំឆ្នាំច្រើនលើកបំផុត ពោលចំនួន៥លើក ក្នុងឆ្នាំ ២០១១(៦០គ្រាប់) ២០១៣(៦៩) ២០១៤(៦១គ្រាប់) ២០១៥(៥៧គ្រាប់) និង ២០២៣(៥៤គ្រាប់) ខណៈក្នុងឆ្នាំ២០២៤ ដែលទើបកន្លងផុតទៅនេះ ខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំ ឈរនៅលេខ៤ រកបាន៤៣គ្រាប់ សម្រាប់ក្លឹប Al-Nassr និងក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់។
អតីតសមាជិកក្លឹប Espanyol, Wu Lei ឈរនៅចំណាត់ថ្នាក់លេខ៥ ក្រោយរកបាន៤២គ្រាប់ សម្រាប់ Shanghai Port និងក្រុមបាល់ទាត់ជម្រើសជាតិចិន ស្មើទៅនឹងប្រធានក្រុមជម្រើសជាតិប៉ូឡូញ និងក្លឹប Barcelona Robert Lewandowski។
ដោយឡែកខ្សែប្រយុទ្ធជម្រើសជាតិបារាំង Kylian Mbappe ដែលបានផ្លាស់ពី Paris Saint-Germain ទៅចូលរួម Real Madrid អំឡុងទីផ្សាររដូវក្ដៅ ឈរនៅចំណាត់ថ្នាក់លេខ១០ រកបាន៣៩គ្រាប់ ខណៈខ្សែប្រយុទ្ធកាណាដា របស់ក្លឹប Lille រកបាន៤០គ្រាប់ ដូចទៅនឹងខ្សែប្រយុទ្ធ Ayoub El Kaabi របស់ក្លឹបក្រិក Olympiacos និង កីឡាករប្រេស៊ីលដែលបានចូលសញ្ជាតិវៀតណាម Nguyen Xuan Son។
ខ្សែប្រយុទ្ធប្រេស៊ីលដែលមានឈ្មោះដើមថា Rafaelson Bezerra Fernandes មានសិទ្ធិគ្រប់គ្រាន់ក្នុងការលេងតំណាងក្រុមជម្រើសជាតិវៀតណាម កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយត្រូវបានអនុញ្ញាតពី FIFA ហើយគេកំពុងសាងភាពលេចធ្លោក្នុងព្រឹត្តិការណ៍ Asean Championship 2024 ដោយរកគ្រាប់បាល់៧គ្រាប់ ពីការបង្ហាញខ្លួន៤ប្រកួត រាប់បញ្ចូលទាំងគ្រាប់បាល់២គ្រាប់ទល់ក្រុមជម្រើសជាតិថៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រជើងទី១ កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ៕