Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ

គោលដៅធំដែល Kluivert ប្ដេជ្ញាសម្រេចឱ្យបាន ក្នុងនាមជាគ្រូបង្គោលក្រុមជម្រើសជាតិឥណ្ឌូណេស៊ី

ក្នុងថ្ងៃបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី លោក Patrick Kluivert បានសន្យាថានឹងនាំយកនូលទ្ធផលល្អ និងបង្កើតឥទ្ធិពលក្នុងបាល់ទាត់ឥណ្ឌូណេស៊ី ដោយការងារសំខាន់ដែលត្រូវធ្វើគឺ ដឹកនាំក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានចូលរួមព្រឹត្តិការណ៍ FIFA World Cup 2026។

អំឡុងពេលបង្ហាញខ្លួននៅសណ្ឋាគារ Mulia ក្នុងទីក្រុងហ្សាកាតារ ប្រទេសឥណ្ឌូណេស៊ី លោក Kluivert បានអះអាងថា លោកមានទំនុកចិត្តក្នុងការប្រឈមនឹងសម្ពាធដ៏ធំក្នុងការងារជាគ្រូបង្គោលក្រុមជម្រើសជាតិឥណ្ឌូណេស៊ី។
លោកបាននិយាយថា៖ “ខ្ញុំជាមនុស្សដែលចូលចិត្តសម្ពាធ។ នៅពេលដែលអ្នកស្ថិតក្រោមសម្ពាធ អ្នកអាចបង្ហាញសមត្ថភាពបានល្អ។

“យើងមានគម្រោងរយៈពេល៤ឆ្នាំ ប៉ុន្ដែខ្ញុំនឹងកសាងក្រុមក្នុងពីរដំណាក់កាល។ ដំណាក់កាលទី១គឺ បង្ហាញឥទ្ធិពលឆាប់រហ័ស និងផ្ដល់នូវលទ្ធផលល្អ”។

បច្ចុប្បន្នឥណ្ឌូណេស៊ី ឈរនៅលេខ៣ក្នុងពូល C នៃវគ្គជម្រុះ World Cup 2026 ជុំទី៣ប្រចាំទ្វីបអាស៊ី មានពិន្ទុស្មើជាមួយ អារ៉ាប៊ី សាអ៊ូឌីត បារ៉ែន និងចិន ៦ពិន្ទុដូចគ្នា ប៉ុន្ដែមានប្រៀបផលសងគ្រាប់បាល់បន្ដិចបន្ដួចប៉ុណ្ណោះ។

ក្រុមជើងខ្លាំងជប៉ុនឈរនៅកំពូលតារាងមាន១៦ពិន្ទុ តាមពីក្រោយដោយអូស្ត្រាលីស្ថិតនៅលេខ២ រកបាន៧ពិន្ទុពី៦ប្រកួតដំបូង ហើយក្រុមនីមួយៗនៅសល់៤ប្រកួតទៀតដើម្បីសម្រេចថាតើក្រុមណាខ្លះអាចមានឱកាសនៅបន្ដ ហើយក្រុមណាខ្លះទៀតដែលនឹងធ្លាក់ត្រឹមជុំទី៣នេះ។

នាយកប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ីលោក Zainudin Amali បានបញ្ជាក់នូវហេតុផលចម្បងនៃការនាំយកលោកលោក Kluivert មកដឹកនាំក្រុមដោយសារមានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយកីឡាករចូលសញ្ជាតិដែលភាគច្រើនមកពីហុល្លង់។ ទោះយ៉ាងណាក្ដី អតីតតារាឆ្នើមរបស់ Barcelona បានអះអាងថា លោកផ្ដល់អាទិភាពខ្ពស់សម្រាប់កីឡាករក្នុងស្រុកដោយសារពួកគេជាបេះដូងនៃប្រជាជាតិទាំងមូល។

លោកបានបន្ដថា “ខ្ញុំគិតថា កីឡាករក្នុងស្រុកគឺជាបេះដូងនៃក្រុមឥណ្ឌូណេស៊ី។ កីឡាករដទៃទៀតក៏សំខាន់ខ្លាំងណាស់ដែរ ប៉ុន្ដែយើងចង់ផ្ដោតទៅលើកីឡាករក្នុងស្រុក ហើយវាយតម្លៃនូវគុណភាពរបស់ពួកគេ។ វាពិតជាសំខាន់ដែលមានបេះដូងនៃឥណ្ឌូណេស៊ី លេងតំណាងក្រុម”។

ទោះបីជាពុំទទួលបានព័ត៌មានគ្រប់គ្រាន់អំពីកីឡាករឥណ្ឌូណេស៊ី ប៉ុន្ដែលោក Kluivert នៅតែមានក្ដីរំពឹងខ្ពស់អំពីសក្ដានុពលរបស់ពួកគេ។ លោកបានបន្ដទៀតថា “ខ្ញុំមានទំនុកចិត្តថាយើងអាចអភិវឌ្ឍពួកគេទៅកាន់កម្រិតផ្សេងមួយទៀត។ ពួកគេអាចក្លាយជាកីឡាករល្អជាងមុន ហើយជឿជាក់១០០ភាគរយចំពោះរឿងនេះ”។

លោក Kluivert ទទួលបានបទពិសោធច្រើនក្រាស់ក្រែលចំពោះការងារជាគ្រូបង្វឹក។ ក្រោយបញ្ចប់អាជីពកីឡាករបាល់ទាត់ ក្នុងនាមជាខ្សែប្រយុទ្ធដ៏ល្បីឈ្មោះមួយរូប លោកបានចូលរួមការងារជាច្រើនពាក់ព័ន្ធនឹងការធ្វើជាគ្រូបង្វឹក រួមមានការងារជាជំនួយការគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិហុល្លង់ លោក Louis van Gaal ដោយជួយក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2014។

លោកក៏ធ្លាប់បានធ្វើជាគ្រូបង្គោលរបស់ Curacao ហើយជួយពួកគេកាន់តែប្រសើរឡើងមួយកម្រិតក្នុងការប្រកួតអន្ដរជាតិ ហើយលោកធ្លាប់ជានាយកថ្នាលយុវជនរបស់ក្លឹប Paris Saint-Germain នាយកបច្ចេកទេសរបស់ក្លឹប Barcelona និងជាជំនួយការគ្រូបង្វឹករបស់ក្លឹបធំៗមួយចំនួនផ្សេងទៀត៕