ប៉ូលីសតំបន់កាតាឡូនីបានបើកការស៊ើបអង្កេតលើការសង្ស័យអំពីការលួចបន្លំហិរញ្ញវត្ថុរបស់លោក Joseph Bartomeu។
ប្រភពព័ត៌មាន El Mundo បានបង្ហើបឲ្យដឹងថា ប៉ូលីសនៅតំបន់កាតាឡូនី បានចោទប្រកាន់ប្រធានក្លិប Barca ពីបទពុករលួយ។
ចៅក្រមក្រុង Barcelona បានទទួលសំណើដើម្បីស៊ើបអង្កេតលោក Bartomeu អំពីរឿងអាស្រូវ “Barcagate” ដែលបានកើតឡើងកាលពីដើមឆ្នាំនេះ។ ថ្នាក់ដឹកនាំ Barca និងសហការីបានជួលក្រុមហ៊ុនឈ្មោះថា I3 Ventures តាំងពីឆ្នាំ ២០១៧ និងបង់វិក័យបត្រចំនួន ៦ ផ្សេងគ្នាក្នុងតម្លៃសរុបជិតមួយលានអឺរ៉ូ
។
ក្រុមហ៊ុនមានគណនីជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានគោលបំណងសំខាន់ក្នុងការផ្សព្វផ្សាយរឿងអវិជ្ជមានអំពីបុគ្គមានឥទ្ធិពលនៅ Camp Nou ។ ទស្សនិកជនគោលដៅរបស់ I3 Ventures គឺ Lionel Messi, Gerard Pique, Pep Guardiola, Xavi, Carles Puyol ឬបេក្ខជនប្រធានសម្រាប់ការបោះឆ្នោតឆ្នាំ ២០២១ ដូចជា Victor Font, Joan Laporta, Agusti Benedito ឬ Jaume Roures។
លោក Bartomeu ត្រូវបានចោទប្រកាន់ថា បានបង់ប្រាក់ខ្ពស់ជាងការគិតថ្លៃធម្មតាចំនួន ៦០០% សម្រាប់ក្រុមហ៊ុន I3 Ventures ។
ប្រភពខ្លះបញ្ជាក់ថា ប្រសិនបើមានការចោទប្រកាន់មែននោះ លោក Bartomeu អាចនឹងជាប់ពន្ធនាគារពី៣ទៅ៥ឆ្នាំ។
ព័ត៌មានដែលថា Bartomeu ត្រូវបានគេចោទប្រកាន់ពីបទពុករលួយបានកើតឡើងមិនដល់១២ ម៉ោងផងបន្ទាប់ពីឪពុករបស់ Messi បានបញ្ជាក់ថាកូនប្រុសរបស់លោកនៅរួមរស់ជាមួយ Barca រហូតដល់ចុងបញ្ចប់នៃកិច្ចសន្យា (ខែមិថុនា ២០២១) ។ AS បាននិយាយថាអ្នកគាំទ្ររបស់ Barca កំពុងប្រមូលហត្ថលេខាយ៉ាងសកម្មដើម្បីបោះឆ្នោតដកទំនុកចិត្តពីលោក Bartomeu ។
ក្នុងរយៈពេល ១០ ថ្ងៃទៀតប្រសិនបើសមាជិកអ្នកគាំទ្រ Barcelona ប្រមូលបានហត្ថលេខាចំនួន ១៧,០០០សម្លេង នោះអាចនឹងបណ្តាលឲ្យលោក Bartomeu លាលែងពីតំណែងមុនការរំពឹងទុក៕