លោក គង់ ស៊ីថាត់ បានលាឈប់ពីតំណែងអ្នកចាត់ការក្រុមបាល់ទាត់វិទ្យាល័យឫស្សីកែវហើយ ក្រោយរួមចំណែកដឹកនាំក្រុមមួយនេះឈ្នះតំណែងជើងឯកពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាល២០២៤។
អតីតអ្នកចាត់ការក្រុមមានមូលដ្ឋានក្នុងខណ្ឌឫស្សីកែវបានចូលរួមដឹកនាំក្រុមខាងលើតាំងពីការប្រកួតជើងឯកវិទ្យាល័យរដូវកាលដំបូងម្ល៉េះ ពោលឆ្នាំ២០១៩ ដែលក្រុមនេះទទួលបានចំណាត់ថ្នាក់លេខ២នាពេលនោះ។
លោក គង់ ស៊ីថាត់ បញ្ជាក់ថា នេះជាការសម្រេចចិត្តដ៏លំបាក ព្រោះសមាជិកគ្រប់រូបដូចជាគ្រួសារតែមួយ តែដោយសារកង្វះពេលវេលា ទើបមិនអាចបន្តទៀតបាន។ ម្យ៉ាងលោកក៏ចង់ផ្ដល់ឱកាសដល់អ្នកផ្សេងទៀតបានកាន់ការងារបន្ត។
រយៈពេល៦ឆ្នាំមកនេះ លោក គង់ ស៊ីថាត់ អះអាងថា ពិតជាសប្បាយចិត្តចំពោះការរួមចំណែកនេះ ហើយក៏ជាជោគជ័យមួយសម្រាប់លោកដែរ៕