Kylian Mbappe បង្ហាញសមត្ថភាពយ៉ាងល្អត្រចះត្រចង់ ក្នុងការជួយ Real Madrid ទម្លាក់ Manchester City ពី UEFA Champions League រដូវកាល ២០២៤-២៥ នេះ។ ខ្សែប្រយុទ្ធបារាំង រកបានបីគ្រាប់ ក្នុងការប្រកួតនៅទឹកដី Santiago Bernabeu ដែលធានាឱ្យក្រុមអធិរាជសឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Champions League ក្រោយឈ្នះ Man City ទាំងពីរជើងក្នុងលទ្ធផលសរុប ៦-៣។
បន្ទាប់ពីចាប់ផ្ដើមរដូវកាលពុំសូវបានល្អ នៅរាជធានីប្រទេសអេស្ប៉ាញ ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ ពេលនេះបានស្ដារគុណផលរបស់ខ្លួនបានប្រសើរឡើង។ Mbappe ចាប់ផ្ដើមឆ្នាំ២០២៥ ដោយពុំមានគ្រាប់បាល់៣ប្រកួតជាប់គ្នា ប៉ុន្ដែក្រោយមកគេរកគ្រាប់បាល់បាន១៤គ្រាប់ ក្នុងការបង្ហាញខ្លួន១១ប្រកួត ហើយគេរកគ្រាប់បាល់សរុបបាន ២៨គ្រាប់ ក្នុងចំណោម ៣៨ប្រកួតសម្រាប់ក្រុមដឹកនាំដោយលោក Carlo Ancelotti រដូវកាលនេះ។
បន្ទាប់ពីទទួលបានជ័យជម្នះទល់ Man City ប្រធានក្រុមជម្រើសជាតិបារាំង ត្រូវបានអ្នកសារព័ត៌មានសួរថាតើ គេបានដាក់គោលដៅរកគ្រាប់បាល់ឱ្យបាន៥០គ្រាប់ ក្នុងរដូវកាលដំបូងរបស់ខ្លួនសម្រាប់ក្លឹបយក្សអេស្ប៉ាញដែរឬទេ គេបានឆ្លើយថា៖ “ខ្ញុំចង់ធ្វើឱ្យបាន ហើយក៏តែងតែជឿជាក់ថាខ្ញុំធ្វើបាន។ ខ្ញុំមានជំនឿចិត្តលើខ្លួនឯងយ៉ាងពេញលេញ ប៉ុន្ដែខ្ញុំមិនចង់ដាក់កម្រិតនោះទេ។ ប្រសិនបើខ្ញុំអាចរកបាន៥០គ្រាប់ ល្អណាស់ ប៉ុន្ដែប្រសិនបើខ្ញុំធ្វើបានច្រើនជាងនេះខ្ញុំនឹងព្យាយាម”។
គិតមកទល់នឹងពេលនេះ មានតែកីឡាករម្នាក់ប៉ុណ្ណោះ ដែលអាចរកគ្រាប់បាល់ច្រើនជាង៥០គ្រាប់ក្នុងមួយរដូវកាលសម្រាប់ Real Madrid ហើយកីឡាកររូបនោះ អ្នកតាមដានបាល់ទាត់ ជាពិសេសអ្នកគាំទ្រ Real ប្រាកដជាដឹងថានរណាហើយ។ Cristiano Ronaldo មិនត្រឹមតែអាចបង្កើតកំណត់ត្រានេះបានទេ ប៉ុន្ដែកីឡាករព័រទុយហ្កាល់អាចធ្វើបានរហូតដល់៦លើកចន្លោះពីរដូវកាល ២០១០-១១ ដល់ ២០១៥-១៦។ Ronaldo អាចរកបានលើស៦០គ្រាប់ពីរលើក ក្នុងចំណោមនោះផងដែរ ដោយរដូវកាល ២០១១-១២ គេរកបាន៦០គ្រាប់ និងរដូវកាល ២០១៤-១៥ គេរកបាន៦១គ្រាប់៕