ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងខេត្តព្រះសីហនុ គឺជាចលករផ្សព្វផ្សាយសក្ដានុពល និងវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុទៅកាន់ប្រជាជនក្នុងស្រុក និងពិភពលោក។ នេះជាការលើកឡើងរបស់ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ នេះ។
ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងខេត្តព្រះសីហនុ ឆ្នាំ២០២៥ និងជាលើកទី១០ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមីនា។ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ មានអ្នកចុះឈ្មោះបានជាង១៥០០នាក់ហើយ។ គណៈកម្មការរៀបចំរំពឹងថា នឹងមានអ្នកចូលរួមជាង២០០០នាក់។
សម្រាប់វិញ្ញាសាមាន២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។ ក្នុងចំណោមអ្នកបានចុះឈ្មោះចូលរួមទាំងអស់ មានជាង២០០នាក់ជាជនជាតិបរទេស។ មិនខុសពីគោលបំណងដើម ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងខេត្តព្រះសីហនុធ្វើឡើងដើម្បីអភិវឌ្ឍន៍ និងការការពារបរិស្ថានតំបន់ឆ្នេរ ក៏ដូចជាផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ខេត្តដល់ប្រជាជនក្នុងស្រុក និងពិភពលោក។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះក៏នឹងកៀរគរការគាំទ្រដល់កម្មវិធីសប្បុរសធម៌ជួយដល់អង្គរការ និងមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ។
ឯកឧត្ដមអគ្គលេខាធិការបានថ្លែងអំណរគុណដល់រដ្ឋអំណាចខេត្តព្រះសីហនុដែលបានសហការជួយដល់ផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ ផ្ដល់ភាពកក់ក្ដៅដល់ការប្រកួត និងអ្នកចូលរួម។ ទន្ទឹមនឹងនេះ ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងខេត្តព្រះសីហនុទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលដើម្បីផ្ដោតលើការប្រកួតកីឡានៅខេត្តសមុទ្រ រួមចំណែកផ្សព្វផ្សាយទេសចរណ៍។ ថ្ងៃក្រោយៗទៀត អាចនឹងមានការរៀបចំនៅខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ដែលសុទ្ធតែជាខេត្តតំបន់ឆ្នេរ។
លោក សែម ផល្លា រំពឹងថា ភាពស្រស់ស្អាតនៃឆ្នេរសមុទ្រកម្ពុជានឹងអាចជួយស្រូបទាញបានអ្នកចូលរួមបានច្រើន។ ប្រសិនបើមានការរៀបចំល្អ និងទទួលបានជោគជ័យ ទិវានេះអាចនឹងត្រូវបានពង្រីកទៅជាព្រឹត្តិការណ៍ Full Marathon តែម្ដង៕