ដើម្បីមានឱកាសក្លាយកីឡាករអាជីពដូចខ្លួន ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ហាវ សុខនេត្រ បានផ្ដាំយុវជនរួមក្រុងតាខ្មៅខេត្តកណ្ដាលដែលស្រលាញ់កីឡាបាល់ទាត់ ត្រូវប្រឹងប្រែងព្យាយាមដើម្បីឈានទៅសម្រេចក្ដីស្រមៃ។
ខ្សែប្រយុទ្ធក្រុមអេសអាយអាយដង្កោសែនជ័យរំឭកថា មុនឈានទៅក្លាយជាកីឡាករអាជីព គេគ្រាន់តែជាក្មេងលេងបាល់តាមភូមិដូចក្មេងៗជាច្រើននៅក្រុងតាខ្មៅ ហើយក្រោយមកបានទទួលឱកាសចូលក្រុមសាលាតម្រង់ទិសខេត្តកណ្ដាលអាយុក្រោម១៥ឆ្នាំ និងបន្តដោយការចូលរួមជាមួយក្រុមយុវជនព្រះខ័នរាជស្វាយរៀង។
ក្រោយចាកចេញពីក្រុមយុវជនអាយុក្រោម១៨ឆ្នាំព្រះខ័នរាជស្វាយរៀង ហាវ សុខនេត្រ បានចូលរួមជាមួយអាស៊ីអឺរ៉ុបយូណាយធីតក្នុងរដូវកាល២០២២ ហើយចំណាយពេលមួយរយៈនៅអគ្គិសនីកម្ពុជា ដើមឆ្នាំ២០២៣ មុនផ្ទេរទៅអាយអេសអាយដង្កោសែនជ័យ។
សម្រាប់ជម្រើសជាតិវិញ យុវជនវ័យ២២ឆ្នាំធ្លាប់ជាប់ក្រុមយុវជនអាយុក្រោម១៩ឆ្នាំដល់២៣ឆ្នាំ ហើយជាប់ក្រុមធំប្រកួត AFF Cup និងរកបានមួយគ្រាប់ដែរ៕