ក្នុងកម្មវិធីជជែកបាល់ទាត់របស់ AMS Sports លោក ឃួន ឡាបូរ៉ាវី វាគ្មិនប្រចាំកម្មវិធីបានលើកសរសើរចំៗជុំវិញតំបន់ការពាររបស់បឹងកេតក្នុងជំនួបតទល់នឹងព្រះខ័នរាជស្វាយរៀងជុំទី១នៃក្រុមកំពូលទាំង៦ដោយលោកមើលឃើញថាក្រុមបឹងកេតមានការខុសប្លែកពីប្រកួតកាលពីជុំធម្មតានៃលីគកំពូលកន្លងមក។ អតីតអ្នករកគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេ៤រដូវកាលជាប់គ្នាពានរង្វាន់ HUN SEN CUP បន្តថាគុណភាព និងភាពសហការគ្នារបស់ខ្សែការពារបឹងកេតដែលកាត់ផ្តាច់ក្បូនប្រយុទ្ធព្រះខ័នរាជស្វាយរៀងរក្សាតំបន់មុខទីបានល្អជាមួយប្រព័ន្ធលេង Mid block និង Low Block ។
ត្បិតតែគុណផលការការពាររបស់បឹងកេតល្អមែន យ៉ាងណាក៏បុរសមានប្រភពពីខេត្តកំពង់ចាមរូបនេះក៏លើកឡើងពីភាពកម្សោយនូវតំបន់ប្រយុទ្ធរបស់បឹងកេតថាមិនសូវមានភាពមុតស្រូច ពិសេសគឺការប៉ះចុងក្រោយបង្កើតឱកាសស៊ុតបញ្ចូលទីផ្ទាល់តែម្តង។
បឹងកេត បើកឆាកក្នុងការប្រកួតសម្រាប់ជុំទី៣ នៃក្រុមកំពូលទាំង៦ Cambodian Premier league នៅពុំទាន់ធ្វើបានល្អនៅឡើយទេ ពោលរងបរាជ័យក្រោមថ្វីជើងក្រុមកំពូលតារាងព្រះខ័នរាជ ១ទល់នឹង ០ មាន ៣០ពិន្ទុ ពីការប្រកួត២១លើកឈរនៅចំណាត់ថ្នាក់លេខ៦៕