Kylian Mbappe បានឆ្លើយតបទៅនឹងការលើកឡើងថា ក្រុម Paris Saint-Germain មានភាពប្រសើរឡើងជាងមុន ពេលដែលគ្មានវត្តមានរបស់តារាឆ្នើមបារាំងរូបនេះ។
Mbappe បានឈានដល់ការចែកផ្លូវគ្នាជាមួយ PSG ក្រោយកិច្ចសន្យារបស់នៅទឹកដី Parc des Princes ផុតសុពលភាព នាដំណាច់រដូវកាល ២០២៣-២៤ ហើយគេបានផ្លាស់ទៅចូលរួមក្លឹបយក្សអេស្ប៉ាញ Real Madrid។
ក្នុងរដូវកាលចុងក្រោយរបស់ខ្លួនជាមួយ PSG, ម្ចាស់កំណត់ត្រា Top Scorer របស់ក្លឹបបារាំងរូបនេះ រួមចំណែកឱ្យមានគ្រាប់បាល់៥៤គ្រាប់ ពីការបង្ហាញខ្លួន៤៨លើកគ្រប់ពានរង្វាន់ទាំងអស់ ហើយបានរួមចំណែកជួយពួកគេឈ្នះជើងឯក Ligue 1, French Cup និង French Super Cup ប៉ុន្ដែមិនអាចសម្រេចគោលដៅឈ្នះ UEFA Champions League នោះទេ ដោយ PSG បានធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោមថ្វីជើងរបស់ Borussia Dortmund។
បន្ទាប់ពីឆ្លងកាត់ការចាប់ផ្ដើមរដូវកាលដ៏លំបាក ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ បានកែប្រែស្ថានភាពរបស់ខ្លួនប្រសើរឡើង ដោយគេរកគ្រាប់បាល់បញ្ចូលទីបាន៣១គ្រាប់រួចទៅហើយសម្រាប់ក្រុមអធិរាជសរដូវកាលនេះ។
ដោយឡែក PSG ក្រោមការបង្វឹកដោយលោក Luis Enrique ក៏កំពុងបង្ហាញថាពួកគេជាក្រុមដ៏ល្អបំផុតមួយនៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះដែរ ជាពិសេសក្រុមយក្សបារាំង បានធានាកៅអីវគ្គ៨ក្រុមចុងក្រោយ UEFA Champions League បន្ទាប់ពីបានយកឈ្នះក្រុមកំពូលតារាង Premier League, Liverpool ដោយបាល់១១ម៉ែត្រកាត់សេចក្ដី នៅវគ្គ១៦ក្រុមចុងក្រោយ។
ក្រៅពីពានអឺរ៉ុប ក្រុមរបស់លោក Enrique ក៏ធ្វើបានល្អសម្រាប់ពានរង្វាន់ក្នុងស្រុកផងដែរ ដោយពួកគេទើបតែបានយកឈ្នះក្រុមលេខ២ Marseille ដោយលទ្ធផល ៣-១ ធ្វើឱ្យ PSG ដែលកំពុងឈរនៅកំពូលតារាងកើនគម្លាតរហូតដល់ ១៩ពិន្ទុ។ PSG ជាក្រុមមួយដែលនៅមានឱកាសក្នុងការឈ្នះ Treble (ពាន៣ក្នុងមួយរដូវកាល) ដោយពួកគេបានឡើងទៅជួប Dunkerque ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ French Cup៕