Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ម្ចាស់ជើងឯក Club World Cup អាចទទួលបានប្រាក់រង្វាន់រហូតដល់១២៥លានដុល្លារ

ប្រាក់រង្វាន់នៃការចូលរួមព្រឹត្តិការណ៍ FIFA Club World Cup ត្រូវបានប្រកាសជាផ្លូវការ ខណៈទឹកប្រាក់សរុបដែលត្រៀមចំណាយមានប្រមាណ១ពាន់លានដុល្លារអាមេរិក។

ក្រុមជើងខ្លាំងនៅអឺរ៉ុបដូចជា Real Madrid, Paris Saint-Germain, Bayern Munich និង Manchester City ស្ថិតក្នុងចំណោមបេក្ខភាពដែលមានប្រៀបក្នុងការឈ្នះពាន World Cup កម្រិតក្លឹប ទម្រង់ថ្មី ហើយក៏អាចនឹងទទួលបានទឹកប្រាក់ដ៏ច្រើនពីការប្រកួតផងដែរ។ យោងតាមការប្រកាសពី FIFA កាលពីថ្ងៃពុធ ក្រុមដែលឈ្នះជើងឯកនឹងទទួលបានរហូតដល់១២៥លានដុល្លារ។

FIFA បានចំណាយទឹកប្រាក់ ៥២៥លានដុល្លារសម្រាប់ក្រុមដែលចូលរួមការប្រកួត Club World Cup នាទឹកដីសហរដ្ឋអាមេរិក ចន្លោះពី ៣.៥៨លានដុល្លារ ដល់ ៣៨.១៩លានដុល្លារក្នុងមួយក្រុម ខណៈដែល ៤៧៥លានដុល្លារទៀត ទុកសម្រាប់ផ្ដល់ជារង្វាន់ដល់លទ្ធផលនៃការប្រកួត បែងចែកជាផ្នែកៗដូចជា ការឈ្នះក្នុងវគ្គចែកពូលក្នុងមួយប្រកួត ទទួលបាន២លានដុល្លារ ហើយ១លានដុល្លារសម្រាប់លទ្ធផលស្មើមួយប្រកួត។ សម្រាប់វគ្គ knockout, ក្រុមដែលឡើងដល់វគ្គ១៦ក្រុមចុងក្រោយទទួលបាន ៧.៥លានដុល្លារ វគ្គ៨ក្រុមចុងក្រោយទទួលបាន ១៣.១២លានដុល្លារ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទទួលបាន ២១លានដុល្លារ ក្រុមជើងឯករងទទួលបាន ៣០លានដុល្លារ និងក្រុមជើងឯកទទួលបាន៤០លានដុល្លារ។

ពានរង្វាន់មាស Club World Cup ត្រូវបានតម្កល់នៅសេតវិមាន បន្ទាប់ពីប្រធាន FIFA លោក Gianni Infantino បាននាំយកពាននេះទៅបង្ហាញប្រធានាធិបតី Donald Trump។

សូមបញ្ជាក់ថា Club World Cup 2025 ទម្រង់ថ្មីមាន៣២ក្រុមចូលរួម ស្រដៀងទៅនឹង World Cup សម្រាប់ជម្រើសជាតិក្នុងរដូងកាលមុនៗដែរ ដោយបែងចែកជា៨ពូល ក្នុងមួយពូលមាន៤ក្រុម ដោយមួយក្រុមលេង៣ប្រកួត ហើយក្រុមលេខ១ និងលេខ២ប្រចាំពូល នឹងឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ក្នុងវគ្គ knockout មានការប្រកួតតែមួយជើងប៉ុណ្ណោះ ហើយប្រសិនបើបញ្ចប់៩០នាទីក្នុងស្មើគ្នា នោះនឹងមានការបន្ថែម១៥នាទីពីរដង តែបើនៅតែស្មើគ្នាទៀត នឹងមានការទាត់បាល់១១ម៉ែត្រកាត់សេចក្ដីរកអ្នកឈ្នះ៕