កូរ៉េខាងជើងបានរៀបចំទិវារត់ប្រណាំង ម៉ារ៉ាតុងអន្ដរជាតិ Pyongyang International Marathon កាលពីថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ ជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំ ដោយទទួលអ្នកចូលរួមជាច្រើនប្រទេសប្រមាណ២០០នាក់ ខណៈអ្នករត់នៅក្នុងស្រុកមាន៥០០០០នាក់។
អ្នកកីឡាមកពីប្រទេសចិន រ៉ូម៉ានី និងប្រទេសដទៃជាច្រើនទៀត បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងជើង ដើម្បីចូលរួមរត់ម៉ារ៉ាតុងក្នុងរដ្ឋធានីប្រទេសកូរ៉េខាងជើង នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA និងសារព័ត៌មាន Rodong Sinmun កាលពីថ្ងៃទី៦ ខែមេសា។
មានអ្នកធ្វើដំណើរពីបរទេសមកចូលរួមរត់ក្នុង Pyongyang International Marathon ជាង២០០នាក់ ហើយពួកគេហ្វឹកហាត់កម្ដៅសាច់ដុំនៅសណ្ឋាគារ មុនពេលប្រកួត នេះបើតាមការបង្ហោះលើបណ្ដាញសង្គម Instagram របស់អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនទេសចរណ៍ចិន Koryo Tours។
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ដែលបើកទទួលភ្ញៀវបរទេស ត្រូវបានធ្វើឡើងជាលើកដំបូងក្នុងប្រទេសកូរ៉េខាងជើងក្នុងរយៈពេល៦ឆ្នាំចុងក្រោយ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩។
Pyongyang Interantional Marathon ដែលចាប់ផ្ដើមដំបូងនាឆ្នាំ១៩៨១ ត្រូវបានធ្វើឡើងរៀងរាល់ខែមេសា ដើម្បីជាការអបអរថ្ងៃកំណើតរបស់អតីតប្រមុខរដ្ឋកូរ៉េខាងជើងលោក Kim Ilsung។
ព្រឹត្តិការណ៍នេះធ្លាប់ត្រូវបានប្រារព្ធឡើងអំឡុងឆ្នាំ២០១៩ មានភ្ញៀវបរទេសចូលរួម៩៥០នាក់ ប៉ុន្ដែតាំងពីមានការរាលដាលកូវីដ១៩ ជនបរទេសត្រូវបានហាមប្រាមចូលទឹកដីកូរ៉េខាងជើង រហូតដល់ឆ្នាំ២០២៣ ទើបមានការបើកព្រំដែនទ្រង់ទ្រាយតូចឱ្យអ្នកទេសចររុស្ស៊ី ធ្វើដំណើរមកកាន់រដ្ឋធានីព្យុងយ៉ាង៕