កីឡាករប្រណាំងរថយន្ត Formula One សញ្ជាតិបារាំង-ស្វ៊ីស Romain Grosjean របស់ក្រុម Haas-Ferrari បានបញ្ចេញវីដេអូមួយពីគ្រែក្នុងមន្ទីរពេទ្យកាលពីរាត្រីថ្ងៃអាទិត្យទី២៩ខែវិច្ឆិកាឆ្នាំ២០២០ បន្ទាប់ពីបានរួចផុតពីគ្រោះកាចយ៉ាងអច្ឆរិយៈក្នុងប្រទេសបារ៉ែន។
ឡានរបស់ Grosjean បានដាច់ជា២កំណាត់និងផ្ទុះឆេះភ្លាមៗក្រោយបុកនឹងរបាំងខណ្ឌផ្លូវ ខណៈឡានរបស់គេកំពុងបោះពួយក្នុងល្បឿន២២៥គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងជុំទី១នៃការប្រណាំង Bahrain Grand Prix។
ក្នុងវីដេអូដែលកីឡាករវ័យ៣៤ឆ្នាំខាងលើបានបង្ហោះនោះ គេបាននិយាយជាលើកទី១ក្រោយឧបទ្ទវហេតុដូច្នេះថា៖ «សួស្ដីអ្នកទាំងអស់គ្នា! ខ្ញុំគ្រាន់តែចង់និយាយថាខ្ញុំមិនអីទេ។ គ្រប់យ៉ាងគឺអូខេ។ សូមអរគុណជាខ្លាំងចំពោះសាររបស់អ្នកទាំងអស់គ្នា។ ខ្ញុំមិនគាំទ្រការដាក់ប្រព័ន្ធការពារ Halo ក្នុងរថយន្តប្រណាំងជាច្រើនឆ្នាំមកហើយ ប៉ុន្តែទីបំផុតគឺប្រព័ន្ធការពារសុវត្ថិភាព halo នេះហើយជាអ្នកសង្គ្រោះជីវិតខ្ញុំ។ ខ្ញុំគិតថាវាជារបស់អស្ចារ្យបំផុតដែលយើងបាននាំមកក្នុង Formula One។ ប្រសិនគ្មានវាទេ ខ្ញុំមុខជាមិនអាចនិយាយទៅកាន់អ្នកនៅថ្ងៃនេះបានឡើយ»។
ទន្ទឹមនឹងនេះ Grosjean ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារពេទ្យនៅទីលានប្រណាំងនិងនៅមន្ទីរពេទ្យផងដែរ ហើយគេសង្ឃឹមថាគេអាចសរសេរសំបុត្រទៅកាន់ពួកគេក្នុងពេលឆាប់ៗ។
សូមជម្រាបថា Grosjean បានរងរបួសរលាកខ្នងដៃទាំងសងខាង ប្រអប់ជើង និងបាក់ឆ្អឹងជំនីរដោយអន្លើ។
អតីតជើងឯកពិភពលោកឆ្នាំ១៩៩៦ Briton Damon Hill ដែលជាអតីតមិត្តរួមក្រុមរបស់ជើងឯកពិភពលោក៣សម័យជនជាតិប្រេស៊ីល Ayrton Senna ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ San Marino Grand Prix 1994 និយាយថាពិតជាអព្ភូតហេតុណាស់ដែល Grosjean នៅមានជីវិត៕