សមាជិកជឺជីតអាស៊ីឯទៀតកាន់តែទទួលពីសមត្ថភាពក្រុមកីឡាជឺជីតស៊ូកម្ពុជា

Neak Tola
26 មើល
1 នាទីអាន
- Advertisement -

វត្តមានរបស់ក្រុមកីឡាជឺជីតស៊ូក្នុងការប្រកួតជឺជីតស៊ូជើងឯកអាស៊ីរៀងរាល់ឆ្នាំនៅប៉ុន្មានឆ្នាំចុងក្រោយនេះបង្ហាញថា សមាជិកជឺជីតទ្វីបអាស៊ីទាំងអស់បានទទួលសមត្ថភាពដ៏ល្អរបស់កម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្ដម ថោង ធន ប្រធានស្ដីទីសហព័ន្ធកីឡាជឺជីតតស៊ូកម្ពុជា ក្នុងឱកាសជូនដំណើរកីឡាករ កីឡាការិនីទៅចូលរួមព្រឹត្តិការណ៍កីឡាជឺជីតស៊ូជើងឯកអាស៊ី U21 និង Adults នៅប្រទេសហ្សកដានី។

ឯកឧត្ដម ថោង ធន មានប្រសាសន៍ថា កីឡាករ កីឡាករទាំង៦រូបដែលត្រូវបានបញ្ជូនទៅចូលរួមសុទ្ធសឹងតែជាអ្នកមានសមត្ថភាពល្អៗ​អាចដណ្ដើមបានមេដាយជូនជាតិ។

ជាមួយគ្នានេះ លោក Jasper Martjin Paas គ្រូបង្វឹកក្រុមជម្រើសជាតិជឺជីតស៊ូកម្ពុជា បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំថា នឹងព្យាយាមត្រួសត្រាយឱ្យកូនក្រុមទទួលបានកម្រិតមេដាយខ្ពស់ជាងមុន បន្ទាប់ពីទទួលបានមេដាយសំរឹទ្ធ៥គ្រឿង នៅប្រទេសអារ៉ាប់រួម អ៊ីមីរ៉េត កាលឆ្នាំទៅមិញ។ លោកជឿជាក់ថា ប្រសិនបើ​កូនក្រុមធ្វើបានល្អលើកនេះ នឹងធ្វើឱ្យមានសង្ឃឹមខ្ពស់ក្នុងការប្រជែងមេដាយមាសស៊ីហ្គេម នៅថៃ ក្នុងខែធ្នូ ខាងមុខ។

ចំណែកីឡាការិនី កីឡាការិនី ទីន សុវណ្ណបួរកែវ កីឡាការិនី ហេង ស៊ីវហ៊ាង កីឡាការិនី គង់ម៉ូណា ជេសស៊ីកា ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រជែងមេដាយដែរ។

កីឡាករទាំង៦រូបដែលត្រូវបានបញ្ជូនទៅប្រកួតព្រឹត្តិការណ៍កីឡាជឺជីតស៊ូជើងឯកអាស៊ី U21 និង Adults នៅប្រទេសហ្សកដានី មាន កីឡាករ មឿនលីម សុបញ្ញា កីឡាករ គង់ម៉ូណា មិថុរ៉ា កីឡាករ ទូច ពីរកក្កដា កីឡាការិនី ទីន សុវណ្ណបួរកែវ កីឡាការិនី ហេង ស៊ីវហ៊ាង កីឡាការិនី គង់ម៉ូណា ជេសស៊ីកា ដឹកនាំលោក សំអុន បូរមី ជាប្រតិភូ លោក Jasper Martjin Paas ជាគ្រូបង្វឹក និងលោក Oliver Robert King ជាមន្ត្រីបច្ចេកទេស។ ការប្រកួតប្រព្រឹត្តទៅពីថ្ងៃទី២០ដល់ថ្ងៃទី២៨ ខែឧសភា នាក្រុង Amman ប្រទេសហ្សកដានី៕