អាយុ៩៧ឆ្នាំមែន តែនៅហាត់ប្រាណរាល់ថ្ងៃ

Neak Tola
776 មើល
1 នាទីអាន
- Advertisement -

ជារៀងរាល់ថ្ងៃ លោកយាយ Nguyen Thi Hyun តែងតែចំណាយពេលរត់ហាត់ប្រាណ២ដង ជួយការងារផ្ទះ ធ្វើសមាធិ និងទៅហាត់ប្រាណទៅ gym។

ស្ត្រីវ័យ៩៧ឆ្នាំបច្ចុប្បន្នរស់នៅជាមួយកូន និងចៅៗ នាស្រុក Trung Ward ខេត្តហាទិញ ភាគកណ្ដាលប្រទេសវៀតណាម។ លោកយាយមានកូន៩នាក់ ចៅ២៩នាក់ ចៅទួត៣៦នាក់ និងចៅលួត២នាក់ ហើយគាត់នៅតែរីករាយនឹងការហាត់ប្រាណ។

កាលនៅក្មេង លោកយាយតែងតែដើរ៤ទៅ៥គីឡូក្នុងមួយថ្ងៃដើម្បីជួយការងារឪពុកម្ដាយនៅស្រែ។

ជារៀងរាល់ថ្ងៃ គាត់ភ្ញាក់ពីដំណេកនៅម៉ោង៥កន្លះ លុបលាងមុខរួចរាល់ ពាក់ស្បែកជើងហាត់ប្រាណ។ គាត់កម្ដៅសាច់ដុំ២-៣នាទី មុនដើរតិចៗ ហើយក៏ចាប់ផ្ដើមលឿនជាងមុន។ គាត់ចំណាយពេល១០ទៅ១៥នាទីរៀងរាល់ព្រឹក។

ក្រោយរត់រួច គាត់ទៅផ្ទះវិញសម្រាកមួយភ្លែត មុនទៅពិសាអាហារពេលព្រឹកនៅម៉ោង៧ព្រឹក។ គាត់ចូលចិត្តពិសាគុយទាវប្រហិតសាច់គោ។ គាត់ថា អាហារពេលព្រឹកសំខាន់ណាស់ដើម្បីថាមពល។ គាត់មិនដែលខាន ទោះពេលណាហត់ក៏ដោយ។

រាល់ថ្ងៃហ្នឹង គាត់អាយុច្រើនមែន តែក៏មិននៅស្ងៀមដែរ ដោយគាត់តែងតែជួយការងារស្រាលៗ ដូចជា បោសផ្ទះ លាងចាន រៀបបន្លែ ទោះបីគ្រួសារឧស្សាហ៍ប្រាប់គាត់កុំឱ្យជួយក៏ដោយ។ គាត់ក៏ឧស្សាហ៍ពិនិត្យឈាម និងចង្វាក់បេះដូងទៅតាមវេជ្ជបញ្ជា។

នៅពេលថ្ងៃ គាត់ចំណាយពេល២ម៉ោងតាំងសមាធិ និងអានសៀវភៅធម៌ដែលជួយឱ្យគាត់មានអារម្មណ៍ស្ងប់ស្ងាត់ និងភ្លឺថ្លា។

ជាទូទៅគាត់ទទួលទានអាហារថ្ងៃត្រង់ និងល្ងាច ដោយមួយពេលៗបាយ២ចាន តែគាត់មិនពិសាចំណីចំណុកអ្វីផ្សេងទៀតទេ។ គាត់ថា ការហាត់ប្រាណធ្វើឱ្យគាត់ទទួលទានអាហារបានច្រើន។

ក្រោយអាហារថ្ងៃត្រង់ គាត់សម្រាកបន្តិច ហើយម៉ោង២រសៀល គាត់ទៅ Gym បន្តទៀត។ កូនចៅចង់ឱ្យគាត់ទៅកន្លែង Gym ម៉ង ព្រោះកុំឱ្យត្រូវក្ដៅ។ ដំបូងឡើយ គាត់អត់សូវចង់ប៉ុន្មានទេ ព្រោះកន្លែង gym សុទ្ធតែក្មេង តែក្រោយគាត់ក៏សម្របខ្លួនបាន និងកាន់តែចូលចិត្ត។ គាត់ហាត់ម៉ាស៊ីនផង ហាត់តាមភ្លេងផង ហើយឆ្លៀតអាវ៉ង់ លើកដុំដែក២គីឡូ តាមការបង្ហាត់របស់គ្រូ។ គាត់ថា ពេលណាហត់ ដកដង្ហើមមួយៗ អ៊ីចឹងមានកម្លាំងវិញហើយ។ ជាទូទៅគាត់ហាត់៤០នាទី។

ពេលល្ងាច គាត់រត់ត្រឹកៗមួយ ២ទៅ៣ជុំនៅឧទ្យានឆ្ងាយពីផ្ទះប្រហែលមួយគីឡូ។ គាត់រត់២ទៅ៣ជុំ សរុប៣គីឡូកន្លះ រយៈពេល៣០ទៅ៤០នាទី មុនត្រលប់ទៅផ្ទះវិញ ដើម្បីទទួលទានអាហារពេលល្ងាច និងសម្រាក។