ការប្រកួតជុំទី៥នៃវគ្គចែកពូល Champions League នៅរាត្រីថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០ អាចបង្ហាញពីក្រុមដែលមានឱកាសកក់កៅអីនៅវគ្គ១៦ក្រុមចុងក្រោយ និង ក្រុមដែលអស់ឱកាសឆ្លងផុតវគ្គចែកពូល។
Bayern Munich និង Manchester City បានឆ្លងផុតវគ្គចែកពូលរួចរាល់ហើយ ប៉ុន្ដែគូប្រកួតរបស់ពួកគេគឺ Atletico Madrid និង Porto ត្រូវទទួលបានលទ្ធផលល្អដាច់ខាត ដើម្បីអាចមានសង្ឃឹមកក់កៅអីទៅវគ្គ១៦ក្រុម។
ខាងក្រោមនេះ ជារឿងដ៏ជក់ចិត្តទាំង៤ដែលអ្នកគួរដឹង នៅក្នុងការប្រកួត UCL នារាត្រីថ្ងៃអង្គារនេះ។
Liverpool vs. Ajax
ក្រុមហង្សក្រហមនឹង បើកកីឡដ្ឋាន Anfield ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ Ajax បន្ទាប់ពីបរាជ័យលើកដំបូងនៅក្នុងវគ្គចែកពូលដោយលទ្ធផល ២-០ ក្រោមថ្វីជើង Atalanta កាលពីសប្ដាហ៍មុន។
ក្រុមរបស់លោក Jurgen Klopp ត្រូវការជ័យជម្នះជាចំបាច់សម្រាប់ការប្រកួត ទល់នឹង Ajax ហើយក្រុមជើងខ្លាំងមកពីហុល្លង់ក៏ត្រូវប្រឹងប្រែងយកឱ្យបាន៣ពិន្ទុផងដែរ ដើម្បីបន្ដក្ដីសង្ឃឹមឈានទៅវគ្គបន្ទាប់។ ដូច្នេះការប្រកួតនេះនឹងក្លាយជាការប្រកួតដ៏ជក់ចិត្តមួយ ព្រោះក្រុមទាំងពីរត្រូវលេងឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អ។
Atletico Madrid vs. Bayern Munich
មកទល់នឹងពេលនេះ ក្រុមជើងឯកអឺរ៉ុប Bayern Munich បានបំបែកកំណត់ត្រាឈ្នះ ១៦ប្រកួតជាប់គ្នានៅ Champions League និងបានកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយរួចរាល់ហើយ ខណៈ Atletico Madrid ត្រូវការ៣ពិន្ទុជាចាំបាច់ដើម្បីអាចមានឱកាសឆ្លងផុតវគ្គចែកពូលបាន។
ក្រុមដែលបង្វឹកដោយលោក Diego Simeone ទើបទទួលបានតែ៥ពិន្ទុប៉ុណ្ណោះសម្រាប់៤ប្រកួតដំបូងនៅក្នុងវគ្គចែកពូល។ ដូច្នេះជ័យជម្នះលើក្រុមការពារជើងឯក មិនត្រឹមតែជាការទទួលបានឱកាស ឡើងទៅកាន់វគ្គ១៦ក្រុមប៉ុណ្ណោះទេ ប៉ុន្ដែជាការបញ្ចប់កំណត់ត្រាទទួលបានជ័យជម្នះច្រើនប្រកួតជាប់គ្នារបស់ Bayern Munich ផងដែរ។
Shakhtar Donetsk vs. Real Madrid
ទោះបីជាអាចយកឈ្នះ Inter Milan ទាំងពីរជើងនៅក្នុងពូល B ប៉ុន្ដែក្រុមជើងឯកអឺរ៉ុប១៣សម័យកាល មិនទាន់ធានាកៅអីឡើងទៅវគ្គបន្ទាប់នៅឡើយទេ។
ក្រុមរបស់លោក Zinedine Zidane បានបរាជ័យ ៣-២ ក្រោមថ្វីជើង Shakhtar Donetsk ក្នុងជំនួបបើកឆាកនៅវគ្គចែកពូល ក្នុងទឹកដីរបស់ខ្លួន មុនពេលបញ្ចប់លទ្ធផលស្មើជាមួយ Borussia Monchengladbach។ ការប្រកួតនៅទឹកដីរបស់ក្រុមអ៊ុយក្រែន ជាសម្ពាធមួយដែលតម្រូវឱ្យ Real Madrid យកឈ្នះជាចាំបាច់ ដើម្បីឡើងទៅកាន់វគ្គបន្ទាប់ផង ជាការសងសឹកផង និង ជាការលួងចិត្តអ្នកគាំទ្រ បន្ទាប់ពីពួកគេបានបរាជ័យនៅក្នុងទឹកដី ១-២ ទល់នឹង Alaves នៅ La Liga ផងដែរ។
Marseille vs. Olympiacos
Marseille ជាក្រុមឈ្នះពានដែលប្ដូរឈ្មោះមកជា UEFA Champions League ដំបូងគេ បានបង្កើតកំណត់ត្រាដ៏អាក្រក់បំផុតមួយ គឺបរាជ័យ១៣ប្រកួតជាប់គ្នា។ ក្រុមជើងឯកលីគកំពូលបារាំង១០សម័យកាល ជាក្រុមដំបូងដែលធ្លាក់ចេញពីវគ្គចែកពូល Champions League នៅរដូវកាលនេះ ប៉ុន្ដែអ្នកចាត់ការ André Villas-Boas បាននិយាយថា ក្រុមរបស់លោកមិនអាចបន្ដបរាជ័យបែបនេះឡើយ ហើយលោករំពឹងថាក្រុមរបស់លោកអាចមានឱកាសដណ្ដើមបានលេខ៣ ដើម្បីចូលរួមការប្រកួត Europa League។
Maseille នៅតែបន្ដការប្រឹងប្រែង ក្នុងការប្រកួតទល់នឹង ក្រុមមកពីប្រទេសក្រិក ដើម្បីមានឱកាសលេងនៅ Europa League និង ការព្យាយាមបញ្ចប់កំណត់ត្រាអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ដ្ររបស់ពួកគេ៕