សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានផែនការពីគម្រោងស្នើសូមទៅកាន់ក្រសួងអប់រំយុវជន និង កីឡា ដើម្បីបញ្ជ្រាបកីឡាមួយនេះទៅតាមសាលារៀននានាក្នុងព្រះរាជាណាចក្រកម្ពុជា។
ផែនការនេះត្រូវបានប្រកាសឱ្យដឹងដោយឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី០៤ ឆ្នាំ ២០២០-២០២៤ បន្តអាណត្តិថ្មីទី០៥ ឆ្នាំ២០២០៤-២០២៨ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមិថុនា។
ឯកឧត្ដម មាស សារិន សង្កត់ធ្ងន់ថា ការបញ្ជ្រាបកីឡាទាញព្រ័ត្រទៅតាមសាលារៀនពិតសំខាន់ក្នុងការអភិវឌ្ឍធនធានថ្នាល។ ទន្ទឹមនឹងនេះ សហព័ន្ធក៏គ្រោងស្នើទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ ចាប់ពីឆ្នាំ២០២៦ ទាំងក្រុមបុរស និងក្រុមនារី។ បើតាមផែនការ សហព័ន្ធគ្រោងប្រមូលផ្ដុំកីឡាករ៩នាក់ គ្រូបង្គោលម្នាក់ និងគ្រូជំនួយម្នាក់។ ចំណែកក្រុមនារី ក៏មាន៩នាក់ គ្រូបង្គោលម្នាក់ និង គ្រូជំនួយម្នាក់ដូចគ្នា សរុប២២នាក់។
ក្នុងអាណត្តិថ្មីនេះដែរ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាក៏បានសូមឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជួយត្រួសត្រាយឱ្យក្រុមជម្រើសជាតិទាញព្រ័ត្រកម្ពុជាបានចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម២០២៥នៅថៃ។ ក្រៅពីនោះ សហព័ន្ធមានគម្រោងបង្កើតការប្រកួតយុវជនអាយុក្រោម២១ឆ្នាំ ការប្រកួតក្នុងចំណោមកម្មករកម្មការិនីរោងចក្រ ការប្រកួតកងទ័ព ការប្រកួតសមាគមអន្តរជាតិ និងការប្រកួតបែបទេសចរណ៍ដើម្បីទាក់ទាញការចូលរួមពីជនបរទេស។
គួរបញ្ជាក់ថា ឯកឧត្តម មាស សារិន ទទួលបានការគាំទ្របន្តដឹកនាំសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាសម្រាប់អាណត្តិថ្មី ទី០៥ ឆ្នាំ២០២៤-២០២៨ អមដោយសមាជិកដឹកនាំផ្សេងៗទៀត សរុប៤១រូប៕