ពានរង្វាន់ជើងឯកវិទ្យាល័យគិតមកដល់ឆ្នាំនេះប្រារព្ធឡើងបាន ៥រដូវកាលមកហើយ និងក៏ជាទីដែលផលិតបានសមាសភាពកីឡាករយុវជនឆ្នើមៗជាច្រើនរូបផងដែរ យ៉ាងណាមិញសម្រាប់យុវជន វណ្ណៈ វិសិទ្ធ ខ្សែការពារកណ្តាលក្រុមវិទ្យាល័យសម្តេចហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ នេះទើបជាលើកទី១ប៉ុណ្ណោះក្នុងការប្រឡូកក្នុងពានកម្រិតវិទ្យាល័យនេះ។ ឆ្លើយប្រាប់មកក្រុមការងារ AMS Sports យុវជនមានវ័យ១៨ឆ្នាំនេះថាមូលហេតុដែលខ្លួនទើបតែងបានឈ្មោះចូលលេងក្នុងឆ្នាំនេះក៏ព្រោះឆ្នាំកន្លងៗមកខ្លួនមិនសូវទទួលបានការគាំទ្រខ្លាំងពីក្រុមគ្រួសារឱ្យចូលលេង ការជាប់រវល់ជាមួយការសិក្សានៅថ្នាក់ភាសាបរទេសបន្ថែម និងមួយចំនុចទៀតពាក់ព័ន្ធនឹងខ្លួនជាប់លេងក្នុងពានរង្វាន់កម្រិតយុវជនរបស់សហព័ន្ធបាល់ទាត់កម្ពុជា។
ខ្សែការពារមានមូលដ្ឋានក្នុងខណ្ឌច្បារអំពៅរូបនេះបន្តថាកន្លងមកខ្លួនតែងតែមកមើលមិត្តរួមវិទ្យាល័យប្រកួតជារៀងរាល់សប្តាហ៍ ហើយខ្លួនពិតជាមានអារម្មណ៍ពុះកញ្ច្រោលខ្លាំងសម្រាប់លេងក្នុងពានរង្វាន់មួយនេះ ដោយ សិទ្ធ បានថាពានរង្វាន់មួយនេះពិតជាធំសម្រាប់កម្រិតសិស្សវិទ្យាល័យ។ លើសពីនេះរូបគេក៏បានបង្ហាញការប្តេជ្ញាចិត្តខ្លាំងសម្រាប់ការដណ្តើមជើងឯកជូនសាលាសម្រាប់ជាចំណងដៃក្នុងនាមជាសិស្សវិទ្យាល័យ៕