កីឡាការិនី សាន រ៉ូហ្សា ៖ ព្រឹត្តិការណ៍កីឡារាំជើងឯកអាស៊ីនិងជើងឯកអាស៊ីអាគ្នេយ៍២០២៥ ពិតជាបទពិសោធនថ្មីមួយទៀតសម្រាប់ខ្លួន

sok sovanpanha
36 មើល
0 នាទីអាន

កីឡាការិនី សាន រ៉ូហ្សា ក្នុងពេលទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡារាំជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ (WDSF Asian-South East Asian Championship 2025)នៅប្រទេសវៀតណាម ដែលខ្លួនទទួលបានមេដាយ៣គ្រឿងលើការប្រកួតលក្ខណៈឯកត្តជនរួមមានមេដាយ មាស១ និងសំរឹទ្ធ២ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលអាចដណ្តើមបានមេដាយជូនជាតិមាតុភូមិក្នុងនាមចេញទៅតំណាងជាតិទាំងមូល។

ដោយយុវតីវ័យ២០ឆ្នាំរូបនេះបន្ថែមទៀតត្បិតខ្លួនឧស្សាហ៍ចេញទៅប្រកួតញឹកញាប់ពិតមែន តែសម្រាប់ការប្រកួតលើកនេះគឺជាលើកដំបូងសម្រាប់ខ្លួនក្នុងនាមជាកីឡាការិនីពេញវ័យដែលប្រកួតតទល់នឹងកីឡាការិនីកម្រិតខ្ពស់ៗ សំបូរបទពិសោធ មកពីជុំវិញពិភពលោក រូបគេថាពិតជាការប្រកួតមួយដ៏តានតឹង។ យ៉ាងណាមិញខ្លួនបានរៀនសូត្របានច្រើនមកវិញពាក់ព័ន្ធបច្ចេកទេសថ្មីៗ ក៏ដូចជាក្បាច់រាំប្លែកពីដៃគូប្រកួតប្រជែងទាំងអស់នោះ។

ទន្ទឹមគ្នា កីឡាការិនីមុខស្រស់រូបនេះថាខ្លួនពិតជារំភើបខ្លាំងសម្រាប់ការប្រកួតលើកនេះពីព្រោះបានប្រកួតជាមួយនិមិត្តរូបខ្លួនផ្ទាល់កីឡាការិនីមកពីហុងកុង ដោយរ៉ូហ្សាថាពិតជាវេលាមួយដ៏ចងចាំមួយសម្រាប់ខ្លួន។

សូមរំឮកថា កម្ពុជាទទួលបានមេដាយ១៨គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡារាំជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសវៀតណាម ដែលមានអត្តពលិកចូលរួមប្រកួតប្រហែល ៣ពាន់នាក់ មកពី៣៧ប្រទេស៕