ក្រោយចប់ប្រកួតមិត្តភាពដកស្រង់បច្ចេកទេសជាមួយក្រុមបាល់ទាត់បឹងកេតកាលពីពេលថ្មីៗនេះ លោក កែវ សុផល គ្រូបង្គោលក្រុមបាល់ទាត់ Lion King បានលើកឡើងជុំវិញដំណើរការរបស់ក្រុមទាំងមូលកំពុងទៅមុខប្រកបដោយភាពល្អប្រសើរឡើងជាអន្លើៗ ក៏ព្រោះតែសមាសភាពកីឡាករខ្លះជាសមាជិកថ្មីៗ ម្ល៉ោះហើយលោកថាត្រូវការពេលវេលាបន្ថែមសម្រាប់បន្សាំជាមួយក្បូនលេង និងការចង់បានរបស់ថ្នាក់ដឹកនាំ។
ជាមួយគ្នា តាមរយៈចក្ខុវិស័យរបស់ថ្នាក់ដឹកនាំក្រុមមានមូលដ្ឋានក្នុងខេត្តសៀមរាបសម្រាប់រដូវកាលនេះគោលដៅធំដំបូងគឺចង់បង្កើតប្រវត្តិសាស្រ្តថ្មីមួយក្លាយជាម្ចាស់ជើងឯក ពានសម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត)។ ដូច្នេះសង្កេតឃើញការរៀបចំក្រុមហាក់មានការយកចិត្តទុកដាក់ខ្លាំងតាមរយៈការនាំចូលកីឡាករថ្មីៗមិនថាសមាជិកបរទេស អតីតកីឡាករខ្មែរធ្លាប់លេងក្នុងលីគអាជីពកន្លងមក ពិសេសការបំពេញបន្ថែមនៅចន្លោះខ្វះខាតដែលកីឡាករក្រុម Lion King ធ្វើមិនបានល្អពីរដូវកាលមុន។
យ៉ាងណាមិញ លោក កែវ សុផល ក៏បានប្រាប់ពីក្រុមដែលនឹងជាឧបសគ្គធំសម្រាប់ការសម្រេចគោលដៅលើកពានសម្រាប់ក្រុមលោកគឺក្រុមម្ចាស់ជើងឯកឆ្នាំចាស់សមាគមន៍កីឡាបាល់ទាត់ ខេត្តត្បូងឃ្មុំ ដោយលោកសង្កត់ធ្ងន់ថាក្រុមមួយនេះប្រៀបបានដូចជាក្រុមចាស់វស្សាវមួយសម្រាប់ពានសម្តេចថ្នាក់ខេត្ត។
រំឮកថា ក្រុម Lion King ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) គឺស្ថិតក្នុងពូល ង ដែលមានក្រុមល្អៗមួយចំនួនដូចជាក្រុមបាល់ទាត់អាចារ្យលាក់ ខេត្តកំពង់ធំ ក្រុមបាល់ទាត់ព្រះវិហារ ស៊ីធី និងក្រុមខេត្តឧត្តរមានជ័យ៕