នៅក្នុងការប្រកួតនារាត្រីថ្ងៃពុធនេះ ក្រុមដែលលេងនៅពូល E និង G ត្រូវបានរកឃើញអ្នកដែលត្រូវឡើងទៅវគ្គ១៦ក្រុមចុងក្រោយចុងក្រោយរួចរាល់ហើយ នៅឡើយតែពូល F និង ពូល H ដែលកំពុងមានពិន្ទុប្រដេញគ្នាយ៉ាងប្រកៀកប្រកិត។
Dortmund និង Man United មានប្រៀបក្នុងការកក់កៅអីទៅវគ្គ១៦ក្រុម
Dortmund ជាក្រុមដែលមានភាគរយខ្ពស់ ក្នុងការឆ្លងទៅវគ្គបន្ទាប់ ទោះចាញ់ការប្រកួតទល់នឹង Lazio នៅយប់នេះក៏ដោយ ក្នុងករណី Club Brugge មិនអាចយកឈ្នះ Zenit St. Petersburg នៅក្នុងពូល F ជាមួយគ្នា។ បើស្មើជាមួយក្រុមអ៊ីតាលី ក៏ពួកគេអាចឡើងទៅបានដែរ ហើយកាន់តែល្អបើពួកគេអាចឈ្នះការប្រកួតនេះ។
ក្រុមបិសាចក្រហម Manchester United អាចឆ្លងផុតវគ្គចែកពូលបាន ត្រឹមជុំទី៥ ប្រសិនបើពួកគេមិនបរាជ័យក្នុងការប្រកួតទល់នឹង Paris Saint-Germain។ មិនតែប៉ុណ្ណោះ Man United អាចធានាការឈរនៅកំពូលតារាងបាន បើពួកគេឈ្នះក្រុមបារាំង ក្នុងករណី RB Leipzig មិនអាចយកឈ្នះ Istanbul Besaksehir នៅទឹកដីរបស់ក្រុមមកពីទួរគី។
Haaland ខិតកាន់តែកៀកក្នុងការបំបែកកំណត់ត្រារបស់ Ole
ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង Erling Haaland ឈរនៅកំពូលតារាងកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុតនៅ Champions League រដូវកាលនេះ ក្រោយរកបាន៦គ្រាប់ក្នុង៤ប្រកួតដំបូង ជួយឱ្យ Borussia Dortmund ឈរនៅកំពូលតារាងនៃពូល F ហើយរូបគេខិតកាន់តែកៀកក្នុងការតាមស្មើកំណត់ត្រារបស់ អ្នកចាត់ការក្លិប Manchester United លោក Ole Gunnar Solskjaer។
បច្ចុប្បន្នលោក Solskjaer បានកាន់កាប់កំណត់ត្រាកីឡាករន័រវេសដែលរកគ្រាប់បាល់បានច្រើនបំផុតនៅក្នុងប្រវត្តិសាស្ដ្រ UCL មាន២០គ្រាប់ អំឡុងពេលប្រកបអាជីពពីឆ្នាំ ១៩៩៦ ដល់ ២០០៧ នៅទឹកដី Old Trafford។
Haaland ត្រូវការរកឱ្យបាន៤គ្រាប់ទៀត តាមស្មើកំណត់ត្រាគ្រាប់បាល់របស់ Solskjaer ដោយបច្ចុប្បន្នខ្សែប្រយុទ្ធវ័យវ័យ២០ឆ្នាំ មាន១៦គ្រាប់នៅ Champions League ជាមួយនឹងក្លិប RB Salzburg និង Dortmund។
Cavani តតាំងជាមួយ PSG លើកដំបូងក្រោយចាកចេញពីក្លិបបារាំង
ខ្សែប្រយុទ្ធ Edinson Cavani អាចនឹងប្រកួតតទល់ជាលើកដំបូង ជាមួយ Paris Saint-Germain ជាក្លិបដែលរូបគេបានរួមរស់ជាមួយរយៈពេល៧ឆ្នាំ ក្រោយចាកចេញមកចូលរួមជាមួយ Manchester United នៅថ្ងៃចុងក្រោយនៃការដោះដូររដូវក្ដៅនេះ។
កីឡាករអ៊ុយរុយហ្គាយវ័យ៣៣ឆ្នាំ រួមចំណែកជួយក្រុមបិសាចក្រហមវាយបកយកឈ្នះ Southampton ដោយលទ្ធផល ៣-២ កាលពីចុងសប្ដាហ៍កន្លងទៅ ហើយមានការរំពឹងថា ខ្សែប្រយុទ្ធរូបនេះអាចនឹងរក្សាគុណផលរបស់ខ្លួន ក្នុងជំនួបទល់នឹងក្រុមចាស់ ដើម្បីជួយឱ្យ Man United កក់កៅអីនៅវគ្គ១៦ក្រុមចុងក្រោយក្នុងការប្រកួតយប់នេះ៕