ខ្សែបម្រើប្រយុទ្ធ Tony Le Tuan Anh នឹងមានឱកាសពាក់អាវក្លិបចំណូលថ្មីនៃលីគកំពូលវៀតណាម Binh Dinh ក្នុងរដូវកាល២០២១ ប្រសិនគេបង្ហាញសមត្ថភាពល្អគ្រប់គ្រាន់សម្រាប់គ្រូបង្វឹក Nguyen Duc Thang។
កីឡាករកើតនៅសាធារណរដ្ឋឆេកក្នុងឆ្នាំ១៩៩៩រូបនេះ បានជិះយន្តហោះពីឆេកមកវៀតណាមកាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០ ជាមួយខ្សែបម្រើ Mac Hong Quan។ ការមកវៀតណាមលើកនេះរបស់ Tony Tuan Anh គឺដើម្បីប្រជែងយកកិច្ចសន្យាចូលរួមក្លិប Binh Dinh ដែលទើបឈ្នះការដំឡើងពី V.League 2 មក V.League 1។
ក្លិប Binh Dinh និយាយថា Tony នឹងត្រូវធ្វើតេស្តសុខភាពនិងសមត្ថភាពមុនពេលបានកុងត្រា។ តាមគម្រោង ភាគីទាំង២រំពឹងថានឹងនៅជាមួយគ្នា១រដូវកាល មុនពេលពិចារណាពីលទ្ធភាពបន្តទៀតនៅពេលអនាគត។
Tony ជាយុវជនរបស់ក្លិប Bohemians Praha 1905 និងលេងឱ្យក្រុម B នៃក្លិបលីគកំពូលឆេកមួយនេះ។
ក្នុងរដូវកាល២០១៩-២០កន្លងទៅ Tony Tuan Anh បង្ហាញខ្លួនបាន៧លើក សម្រាប់ Bohemians B ក្នុងនោះ៦លើកជាការប្ដូរចូល និងមួយលើកទៀតលេងក្នុងជម្រើស១១នាក់ដំបូងបាន៧៣នាទី ក្នុងលីគទី៣ឆេក។ ក្លិប Bohemians ក៏មានអ្នកចាំទីកូនកាត់វៀតណាម-ស្លូវ៉ាគី ម្នាក់ផងដែរ គឺ Patrik Le Giang ដែលលេងក្នុងក្រុមធំក្នុងលីគកំពូលឆេក។ Patrik Le Giang បច្ចុប្បន្នវ័យ២៨ឆ្នាំ ធ្លាប់ជាប់ជម្រើសជាតិយុវជនស្លុវ៉ាគី និងលេងឱ្យ U19 ស្លូវ៉ាគីបាន១១លើក និងU21ស្លូវ៉ាគីបាន១៥លើក។ គេបានផ្ទេរពី Valsim មក Bohemians ក្នុងឆ្នាំ២០១៩។
រដូវកាលមុន Tony លេងក្នុងលីគទី២ឆេក ឱ្យក្លិប Vlasim លើកិច្ចសន្យាខ្ចីពីក្លិប Bohemians ជាក្លិបដែលគេចូលហាត់ក្នុងថ្នាលយុវជនតាំងពីដំបូងមក។
តាមពិតទៅ នេះមិនមែនលើកទី១ទេដែល Tony មកស្វែងរកឱកាសលេងក្នុងប្រទេសកំណើតឪពុកម្ដាយរបស់គេ។ ក្នុងឆ្នាំ២០១៧ កីឡាកររូបនេះធ្លាប់បានមកតេស្តក្នុងក្រុមជម្រើសជាតិU20វៀតណាម ត្រៀម FIFA U20 World Cup នៅកូរ៉េខាងត្បូងម្ដងហើយ។ មានការរំពឹងខ្ពស់ថា Tony នឹងទទួលបានកិច្ចសន្យាអាជីពពីក្លិប Binh Dinh ដើម្បីលេងក្នុងលីគកំពូលវៀតណាមរដូវកាល២០២១៕