សិស្សានុសិស្សសាលាបឋមសិក្សាស្រះស្រង់ខេត្តសៀមរាប ចំនួន៣រូបទទួលបានឱកាសជិះយន្ដហោះទៅក្រៅប្រទេសជាលើកដំបូង ដោយពួកគេត្រូវបានអង្គការ Happy Football Cambodia Australia ជ្រើសរើសចូលរួមក្រុមកីឡាបាល់ទាត់យុវតីអាយុក្រោម១៦ឆ្នាំនឹងចូលរួមការប្រកួតបាល់ទាត់ JSSL 7s នៅប្រទេសសិង្ហបុរីនឹងចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ទី ០២ រហូតដល់ថ្ងៃអាទិត្យ ទី ០៥ ខែមេសា ឆ្នាំ ២០២៦។
HFCA បានជ្រើសរើសកីឡាការិនីចំនួនបួនរូបក្នុងចំណោមកីឡាការិនីទាំងដប់រូបមកពីអង្គការដៃគូរបស់ខ្លួន គឺអង្គការ មូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ។ កីឡាការិនីដែលចូលរួមចំនួនប្រាំមួយរូបទៀត មកពីអង្គការដៃគូរបស់ខ្លួន គឺអង្គការ Build your Future Today ដែលមានមូលដ្ឋាននៅខេត្តសៀមរាប។ អ្នកទាំង៦មកពីភូមិចំនួនពីរក្នុងខេត្តសៀមរាប គឺភូមិអូររូង និងភូមិស្រះស្រង់។
លោក Paraic Grogan ស្ថាបនិកអង្គការ HFCA ថ្លែងថា អង្គការរបស់លោកមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលក្រុមបាល់ទាត់នារីរបស់យើង នឹងទទួលបានបទពិសោធន៍ក្នុងការប្រកួតបាល់ទាត់ដ៏អស្ចារ្យមួយនៅក្នុងប្រទេសសិង្ហបុរីដ៏ស្រស់ស្អាត។ យើងសង្ឃឹមថាពួកគេនឹងក្លាយជាគំរូមួយជំរុញលើកទឹកចិត្តដល់ក្មេងស្រីកម្ពុជាដទៃទៀតឱ្យលេងបាល់ទាត់”។
សូមជម្រាបថា ក្រៅពីអ្នកទាំង៣ខាងលើក៏នៅមានកីឡាការិនី៤រូបផ្សេងទៀតដែរមកពីខេត្តសៀមរាបដូចគ្នាដែលទទួលបានឱកាសទៅក្រៅប្រទេសជាលើកដំបូង៕
